រដ្ឋមន្រ្តីអភិវឌ្ឍន៍អន្តរជាតិអង់គ្លេសលោកស្រី Jenny Chapman បានអំពាវនាវឲ្យអ៊ីស្រាអែលដកទាហានរបស់ពួកគេចេញពីតំបន់ភាគខាងត្បូងលីបង់ដើម្បីឲ្យគ្រួសារជម្លៀសខ្លួនចេញពីសង្រ្គាមរយៈពេល ៣ខែកន្លងមកនេះអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ។លោកស្រីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រពេលបំពេញទស្សនកិច្ចទៅកាន់សាលារៀនជាទីដែលគ្រួសារជម្លៀសខ្លួនជ្រកកោនថា ច្បាស់ណាស់ថា អ៊ីស្រាអែលគួរតែដកទាហានរបស់ពួកគេចេញពីតំបន់ភាគខាងត្បូងលីបង់។ លោកស្រីបន្តថា ពួកយើងដឹងថាការជម្លៀសខ្លួននៅកន្លែងណាមួយនៅលើពិភពលោក បង្កការអាក់ខានខ្លាំងណាស់ ។ នោះហើយគឺជាហេតុផលដែលពួកយើងចង់បានលក្ខខណ្ឌដើម្បីឲ្យពលរដ្ឋអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញដើម្បីឲ្យពួកគេមានសុវត្ថិភាពហើយនិងមានជំនឿចិត្តថាអាចស្នាក់នៅក្នុងផ្ទះរបស់ពួកគេបានយូរ ។ ប្រទេសលីបង់ជាទីដែលមនុស្សជាង ១លាននាក់បានជម្លៀសខ្លួនដោយសារការប្រយុទ្ធគ្នានោះ កងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារជាថ្មីកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។អ៊ីស្រាអែលនិយាយថា ពួកគេគ្មានបំណងដកទ័ពចេញពីលីបង់នោះឡើយមិនសំខាន់ថាអ្វីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកDonald Trumpចរចានោះទេ ។ពួកគេបានបញ្ចេញផែនទីថ្មីឃើញតំបន់រីកធំនៅភាគខាងត្បូងលីបង់ដែលកាន់កាប់ដោយទាហានរបស់ពួកគេ និងជាតំបន់ដែលពួកគេចាត់ទុកថា ជាតំបន់ទ្រនាប់ ៕

