ស៊ីហ្គេម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលជានាយបេសកកម្មស៊ីហ្គេមរបស់កម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានកោះប្រជុំជាមួយថ្នាក់ដឹកនាំ និងតំណាងសហព័ន្ធកីឡាជាតិដើម្បីផ្ដល់ព័ត៌មាន និងការត្រៀមខ្លួនមុនចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាខែឧសភាខាងមុខ។
ឯកឧត្តមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមប្រតិភូស៊ីហ្គេមរបស់កម្ពុជា ដើម្បីរៀបចំប្រតិភូ និងកីឡាករ-កីឡាការិនី ពិសេសពិនិត្យមើលលក្ខខណ្ឌ ពេលវេលា និងលិខិតស្នាមផ្សេងៗមុនចាកចេញពីមាតុភូមិ ក៏ដូចជាការត្រៀមចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២៨ ខែមេសាស្អែកនេះផងដែរ។ សូមបញ្ជាក់ថា ស៊ីហ្គេមលើកទី៣១ នៅវៀតណាម គ្រោងបើកការប្រកួតផ្លូវការពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ដោយម្ចាស់ផ្ទះវៀតណាមបានកំណត់កីឡា ៤០ប្រភេទដាក់ក្នុងកម្មវិធីប្រកួត ខណៈកម្ពុជានឹងបញ្ជូនអត្តពលិក ៣៣ប្រភេទកីឡាចូលរួមដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៥៥០នាក់។ ក្នុងចំណោមអត្តពលិកទាំងអស់មានប្រភេទកីឡាមួយចំនួនត្រូវធ្វើការប្រកួតមុនពិធីបើក ជាក់ស្ដែងកីឡាបាល់ទាត់ដែលត្រូវចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី០៦-ឧសភា ហើយគ្រោងចេញដំណើរនៅថ្ងៃទី០៤ ខែឧសភាសប្ដាហ៍ក្រោយនេះ។
ប៉ុន្ដែដូចឆ្នាំកន្លងទៅដែរ មុនចាកចេញពីមាតុភូមិដើម្បីបំពេញបេសកកម្មក្រៅស្រុក សម្ដេចតេជោ ហ៊ុន សែន តែងតែអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យប្រតិភូ និងអត្តពលិកចូលជួបសម្ដែងការគួរសម ក៏ដូចជាជម្រាបលា ពិសេសការផ្ដល់នូវអនុសាសន៍ដ៏មានសារៈសំខាន់ដើម្បីលើកទឹកចិត្តដល់ប្រតិភូ និងអត្តពលិកទាំងអស់ឲ្យកាន់តែមានភាពកក់ក្ដៅ និងកាន់តែមានទំនុកចិត្តក្នុងការប្រកួតប្រជែងដណ្ដើមមេដាយ និងកិត្តិយសជូនជាតិ៕
អត្ថបទ៖ លី ឈុនឡា