គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបញ្ចេញឥណទានទៅលើទីផ្សារ មានទឹកប្រាក់សរុប ប្រមាណ ៥,៤ ពាន់លានដុល្លារអាមេរិក ដោយបានផ្តល់ទៅលើវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្មនិងការលក់រាយ និងសកម្មភាពកម្ចីជាលក្ខណៈគ្រួសារជាដើម។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការផ្តល់ ឥណទានទៅលើទីផ្សារ និងការទូទាត់សង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា គិតក្នុងរយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦នេះ ប្រព័ន្ធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបន្តដោយភាពធន់ ដោយមានវឌ្ឍនភាពល្អប្រសើរ ទាំងកម្រិតដើមទុន និងសន្ទនីយភាព ទោះបីជួបបញ្ហាប្រឈមនិងភាពមិនប្រាកដប្រជា នៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាកល និងការមិនទាន់មានភាពច្បាស់លាស់ អំពីបញ្ហាព្រំដែនក៏ដោយ។
លោកបន្តថា ជាក់ស្តែងនៅក្នុងរយៈពេល ៣ខែ ឆ្នំា២០២៦នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ឥណទានទៅលើ ទីផ្សារ មានទឹកប្រាក់សរុបប្រមាណជាង ៥,៤ ពាន់លានដុល្លារអាមេរិក ដល់អតិថិជនប្រមាណជាង ១,១ លាននាក់ ដោយបានគាំទ្រ ដល់វិស័យសំខាន់ៗដូចជា៖ វិស័យកសិកម្ម មានប្រមាណជាង ២០ ភាគរយ, វិស័យពាណិជ្ជកម្មនិងការលក់រាយ ជាង ២០ ភាគរយ និងការផ្តល់កម្ចីជាលក្ខណៈក្រុមគ្រួសារ មានក្នុងរង្វង់ ៣០ ភាគរយផងដែរ ក្រៅពីនេះនៅមានវិស័យផ្សេងៗទៀត ដែលគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចី សម្រាប់យកទៅអភិវឌ្ឍន៍អាជីវកម្មផ្សេងៗ។
ទាក់ទិនការទូទាត់សងវិញ, លោក កាំង តុងងី បន្តឱ្យដឹងថា ខណៈការផ្តល់ឥណទានមានលក្ខណៈល្អប្រសើរ ប៉ុន្តែការទូទាត់ សងត្រឡប់មកវិញ ឃើញថានូវមានបញ្ហាខ្លះៗ ជាក់ស្តែងក្នុងចំណោមអតិថិជនជាង ១,១ លាននាក់ គឺមានប្រមាណ ១១ ភាគរយ ដែលសងយឺតលើសពី ៣០ថ្ងៃ បើវាស់ដល់ ៩០ថ្ងៃ គឺមានក្នុងរង្វង់ ៩ ភាគរយ ដែលនេះជាសញ្ញានៃការធ្លាក់ចុះឥណទាន។ លោក បន្ថែមថា មូលហេតុនៃការបង់យឺតនេះដោយសារកត្តាមួយចំនួនដូចជា ការកើនឡើងនៃបញ្ហាប្រេងសាំង ធ្វើឱ្យប្រជាពលរដ្ឋជួបប្រទះ លើការធ្វើអាជីវកម្ម និងការចាយវាយ និងបញ្ហាព្រំដែនផងដែរ ដែលធ្វើអាជីវកម្មនៅតាមជាប់ព្រំដែនមិនទាន់ដំណើរល្អនៅឡើយ។ តែទោះបីយ៉ាងណា លោកអាចវាយតម្លៃបានថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តស្ថិរភាពល្អ។
ជុំវិញគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ, បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បង្ហាញឱ្យដឹងថា ទ្រព្យសកម្មរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅឆ្នាំ២០២៥ បានកើន ៩,៥ ភាភរយ ដល់ជាង ៤០៧ ទ្រីលានរៀល ត្រូវជាង ១០១ ប៊ីលានដុល្លារ អាមេរិក ដោយក្នុងនោះទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានសមាមាត្រ ៩៧ ភាគរយ និងបានកើន ឡើង ៩,៧ ភាគរយ ដល់ជាង ៣៩៤ ទ្រីលានរៀល ត្រូវជាង ៩៨ ប៊ីលានដុល្លារអាមេរិក ខណៈដែលគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើមានសមាមាត្រ ៣ ភាគរយ និងបានកើនឡើងជាង ៣ ភាគរយ ដល់ប្រមាណជាង ១២ ទ្រីលានរៀល ត្រូវជាង ៣ ប៊ីលានដុល្លារអាមេរិក៕
អត្ថបទ៖ សុន រ៉ាឌី