ស៊ីហ្គេម៖ ក្រុមសម្ដែងទស្សនីយភាពគ្រប់ផ្នែកដើម្បីត្រៀមសម្ដែងពិធីបើក-បិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ គ្រោងនឹងចាប់ផ្ដើមសកម្មភាពហ្វឹកហាត់នាពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះហើយ ដោយផ្ដើមពីកម្លាំងកងយោធពលខេមរភូមិន្ទ និងអ្នកស្ម័គ្រចិត្តប្រមាណជិត ៥ពាន់នាក់។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយពីបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា គ្រោងឆ្នឹងនៃផែនការរបស់ក្រុមសម្ដែងនីមួយៗត្រូវបានរៀបចំ និងពិនិត្យរួចរាល់ហើយ នៅឡើយតែការចាប់ផ្ដើមអនុវត្តប៉ុណ្ណោះ។ ដើម្បីធានាបាននូវការហាត់សមប្រកបដោយគុណភាព ឆ្ពោះទៅរកការសម្ដែងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា ក្រុមសម្ដែងទាំងអស់នឹងត្រូវចាប់ផ្ដើមហ្វឹកហាត់ជាក្រុមតូចៗនាពាក់កណ្ដាលខែមិថុនាខាងមុខ មុនឈានដល់ការហ្វឹកហាត់ទ្រង់ទ្រាយធំ ដើម្បីឈានទៅការសម្ដែងជាផ្លូវការតែម្ដង។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ជុំវិញការរៀបចំនូវទស្សនិកភាពសម្ដែង ដែលផ្នែកមួយដ៏សំខាន់នៃពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានេះ ក៏នឹងមានការចូលរួមពីអ្នកជំនាញអូឡាំពិកមកពីចិន លើការងារបច្ចេកវិទ្យាក្នុងការរៀបចំបែបផែនសម្ដែង ដោយការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប បន្ស៊ីគ្នាជាមួយវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់កម្ពុជា ដើម្បីឈានទៅរកភាពអស្ចារ្យក្នុងទិដ្ឋភាពនៃពិធីបើក-បិទនេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា