នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គីម សុផារុន អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន VECONAC ២០២៦ អញ្ញើញដឹកនាំកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យលើរបៀបវារៈ និងសេចក្តីព្រាងរបាយការណ៍នៃកិច្ចប្រជុំWCM លើកទី៧របស់សហព័ន្ធអតីតយុទ្ធជនបណ្តាលប្រទេសអាស៊ាន(VECONAC) នៅសាលប្រជុំ នៃទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
កិច្ចប្រជុំខាងលើមានការចូលរួមពីប្រធានគណៈប្រតិភូបណ្តាប្រទេសជាសមាជិកទាំង១០ប្រទេស និងប្រធានក្រុមការងារបច្ចេកទេស VECONAC-CAMBODIA ២០២៦។
ក្នុងនាមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (C.V.P.) និងជាលេខាធិការដ្ឋាន VECONAC ២០២៦ ឯកឧត្តម គីម សុផារុន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រធានគណៈប្រតិភូ និងប្រតិភូទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសនៃកិច្ចប្រជុំគណៈកម្មាធិការការងារលើកទី៧ (WCM)។
គោលបំណងនៃកិច្ចប្រជុំបច្ចេកទេសនេះគឺដើម្បីពិនិត្យឯកសារសំខាន់ៗ រួមទាំងរបៀបវារៈ កម្មវិធី និងសេចក្តីព្រាងសេចក្តីសម្រេច ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំគណៈកម្មាធិការការងារលើកទី៧ (WCM) កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៨ (EBM) និងកិច្ចប្រជុំទូទៅលើកទី២៥ (GA) នាពេលខាងមុខ៕




