កិច្ចចរចាដោយផ្ទាល់រវាងអាមេរិក និងអ៊ីរ៉ង់ នឹងចាប់ផ្តើមនៅប្រទេសស្វីស ទោះបីជាយោធាអ៊ីរ៉ង់និយាយថា ខ្លួនបានបិទច្រកសមុទ្រហ័រមូសម្តងទៀត ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលលើភាគខាងត្បូងប្រទេសលីបង់ក៏ដោយ។
យោធាសហរដ្ឋអាមេរិកបានជំទាស់នឹងការអះអាងនេះ ដោយនិយាយថា លំហូរចរាចរណ៍នៅតែបន្ត។ អ៊ីរ៉ង់បាននិយាយថា ច្រកសមុទ្រនេះត្រូវបានបិទ ឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ដែលជាការរំលោភលើកិច្ចព្រមព្រៀងរបស់ទីក្រុងតេអេរ៉ង់ជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាម។
កាលពីយប់ថ្ងៃសៅរ៍ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានចាកចេញពីទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចចរចានៅប្រទេសស្វីស។
គណៈប្រតិភូអ៊ីរ៉ង់ រួមទាំងប្រធានសភា លោក Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បានទៅដល់រួចហើយ។
ការចរចាជុំថ្មីនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ។ លោក Vance បាននិយាយថា លោកសង្ឃឹមថានឹងសម្រេចបានវឌ្ឍនភាព "លើបញ្ហានុយក្លេអ៊ែរ" និងលើ "បញ្ហាបទឈប់បាញ់លីបង់"។
ថ្លែងទៅកាន់សារព័ត៌មានមុនពេលលោកឡើងយន្តហោះ លោកត្រូវបានគេសួរអំពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ហើយបាននិយាយថា ស្ថានការណ៍ពិតជាកំពុងប្រសើរឡើងនៅទីនោះ ហើយអ្វីៗកំពុងធូរស្រាលបន្តិចហើយ៕



