បាល់ទាត់៖ ក្រុមជើងឯកអង់គ្លេស Manchester City មានគ្រាប់ចំណេញ ១គ្រាប់សំរាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ជើងទី២ បន្ទាប់ពីជើងទី១ ស៊ុតបញ្ចូលទីគ្នា ៧គ្រាប់ដែល Manchester City យកឈ្នះ ៤-៣ នៅ Etihad។

ក្រុមម្ចាស់ផ្ទះចាប់ផ្តើមបានតែ ២នាទីក៏នាំមុខមុនដោយការតែតបញ្ចូលទីរបស់ Kevin de Bruyne ពីការបញ្ជូនយ៉ាងល្អពី Riyad Mahrez មុនពេលដែល Gabriel Jesus បន្ថែមការនាំមុខ ២-០ នៅនាទីទី១១។ ក្រុមរបស់លោក Pep Guardiola មានឱកាសច្រើនទៀតតែមិនបានសំរេច មុនពេលដែល Karim Benzema តាមបានមួយគ្រាប់វិញឱ្យ Real Madrid នៅនាទីទី៣៣។ ឈានចូលវគ្គទី២ Mahrez ក៏មានឱកាសល្អតែមិនសំណាងបានត្រឹមបុកបង្គោលទី តែមិនថ្វីទេ Phil Foden ក៏តែតបញ្ចូលទីឱ្យ Man City នាំមុខ ៣-១។ បានត្រឹម ២នាទី Vinicius Junior ក៏តាមពីក្រោយមកវិញ ៣-២ ឱ្យ Real Madrid តែ Bernardo Silva ស៊ុតបញ្ចូលទីគ្រាប់នាំមុខ ៤-២ នៅនាទីទី៧៤។ Real Madrid ក៏ទទួលបានបាល់ពិន័យ ១១ម៉ែត្រមួយគ្រាប់នៅនាទីទី៨២ ស៊ុតសំរេចដោយប្រើបច្ចេកទេសរបស់ Karim Benzema ដដែល។
ក្រោយចប់ការប្រកួតឆ្លើយតបនឹងសំនួរអ្នកកាសែតដែលសួរថា Manchester City គួរតែឈ្នះជាមួយនឹងគំលាតច្រើនគ្រាប់ជាងនេះ លោក Pep Guardiola និយាយថា លោកមិនអាចបន្ទោសកូនក្រុម រឺខ្លួននឹងលទ្ធផលបែបនេះឡើយ អ្វីដែលធ្វើគឺធ្វើអស់ហើយ ពួកយើងនឹងធ្វើដំណើរទៅទឹកដី Madrid ដើម្បីជ័យជំនះ។ ចំណែកលោក Carlo Ancelotti និយាយថា ក្រុមរបស់លោកនៅមានសង្ឃឹមនៅឡើយ បើទោះជាចាប់ផ្តើមមិនបានល្អ ការពារមិនបានល្អ តែក្រោយមកអ្វីៗបានកែប្រែ ហើយជើងទី២ អ្វីដែលត្រូវកែចំពោះមុខគឺប្រព័ន្ធការពារ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៅទឹកដី Real Madrid នឹងធ្វើឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយ៕
អត្ថបទ៖នាង សុភាវុធ