ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ NNA បាននិយយាថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ទៀតហើយកាលពីថ្ងៃសៅរ៍២០មិថុនា មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមហេសបូឡាបានចូលជាធរមាន ក្នុងគោលបំណងបញ្ឈប់អំពើហិង្សាចេះតែកើនឡើងជាច្រើនខែមកនេះ។
អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារទាំងនេះគឺជាការឆ្លើយតបទៅនឹងគ្រាប់ផ្លោងដែលបាញ់ពេញមួយយប់ពីក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ។ មន្ត្រីយោធាអ៊ីស្រាអែលម្នាក់បាននិយាយថាក្រុម ហេសបូឡាបានបាញ់គ្រាប់ផ្លោងជាង ៥០ គ្រាប់ទៅលើកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ ដែលជំរុញឱ្យមានការវាយប្រហារលើអ្វីដែលមន្ត្រីរូបនេះបានហៅថាជាគោលដៅក្រុមហេសបូឡា។
ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា យន្តហោះចម្បាំង និងយានដ្រូនរបស់អ៊ីស្រាអែលបានវាយប្រហារទីតាំងជាច្រើននៅភាគខាងត្បូងលីបង់ និងជ្រលងភ្នំបេកា។
ក្រុមហេសបូឡាបានចោទប្រកាន់អ៊ីស្រាអែលពីបទរំលោភបទឈប់បាញ់រាប់រយលើក ហើយបានព្រមានថាការវាយប្រហារជាបន្តបន្ទាប់ នឹងមិនកន្លងផុតទៅដោយគ្មានការឆ្លើយតបឡើយ។ ក្រុមនេះបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយប្រហាររបស់ខ្លួន។
ការវាយប្រហារតាមអាកាស និងយានដ្រូនរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់បានចាប់ផ្តើម បានធ្វើឱ្យស្មុគស្មាញដល់កិច្ចចរចាអាមេរិក-អ៊ីរ៉ង់ ដែលបានគ្រោងទុកនៅប្រទេសស្វីសនៅថ្ងៃអាទិត្យនេះ ៕

