កងកម្លាំងរុស្ស៊ីបានវាយប្រហារលើទីក្រុង Zaporizhzhia របស់អ៊ុយក្រែនដោយគ្រាប់បែកទម្លាក់ពីលើអាកាស ដែលបានសម្លាប់មនុស្សប្រាំនាក់ នេះបើយោងតាមប្រភពពីអភិបាលតំបន់ លោក Ivan Fedorov។
ក្នុងការបង្ហោះមួយនៅលើ Telegram កាលពីថ្ងៃសៅរ៍ លោក Fedorov បាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានធ្វើឱ្យមនុស្ស ១១ នាក់រងរបួស ហើយចំនួននេបានកើនឡើងបន្ទាប់ពីការវាយប្រហារបានបំផ្លាញ និងធ្វើឲ្យខូចខាតអគារលំនៅឋាន និងមិនមែនលំនៅឋានមួយចំនួន។
លោកបានបន្ថែមថា ក្រុមអ្នកឯកទេសមកពីរដ្ឋបាលស្រុកកំពុងធ្វើការនៅទីតាំងទាំងនោះដើម្បីកត់ត្រាការបំផ្លិចបំផ្លាញ ហើយបុគ្គលិកសេវាសាធារណៈកំពុងសម្អាតកម្ទេចកម្ទីនៃការវាយប្រហារនេះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រុស្ស៊ី និងអ៊ុយក្រែន បានបង្កើនការវាយប្រហារដាក់គ្នាយ៉ាងខ្លាំងក្លា ខណៈការចរចាដើម្បីបញ្ចប់ជម្លោះនៅតែជាប់គាំង។
កាលពីព្រឹកថ្ងៃសៅរ៍ដដែលនោះ ការវាយប្រហារតាមអាកាសមួយបានសម្លាប់មនុស្សម្នាក់ និងរបួសប្រាំបួននាក់ផ្សេងទៀតនៅក្នុងទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែន៕


