រុស្ស៊ី៖ អង្គការសហប្រជាជាតិបាននិយាយថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានឯកភាពជាគោលការណ៍សម្រាប់តួនាទីរបស់អង្គការសហប្រជាជាតិ និងការចូលរួមពីគណៈកម្មការកាកបាទក្រហមអន្តរជាតិ (ICRC) ក្នុងការជម្លៀសជនស៊ីវិលចេញពីរោងចក្រដែកថែបរងការឡោមព័ទ្ធក្នុងទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូងប្រទេសអ៊ុយក្រែន។

អំឡុងជំនួបក្នុងទីក្រុង Moscow លោក Putin និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានពិភាក្សាពីស្ថានភាពនៅរោងចក្រដែកថែបដ៏ធំ Azovstal ជាទីដែលក្រុមអ្នកការពារជាតិអ៊ុយក្រែនចុងក្រោយនៃទីក្រុង Mariupol បានសំងំលាក់ខ្លួនបន្ទាប់ពីកងទ័ពរុស្ស៊ីបានឡោមព័ទ្ធ និងទម្លាក់គ្រាប់បែកឥតស្រាកស្រាន្ត។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាប់ពីជំនួបថា ក្រោយការពិភាក្សានឹងមានការជួបពិភាក្សារវាងការិយាល័យរបស់អង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ និងក្រសួងការពារជាតិរុស្ស៊ី។
ក្នុងជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះផងដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានអំពាវនាវឲ្យមានបទឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែន ហើយលោកគ្រោងនឹងជួបប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ កាលពីព្រឹកថ្ងៃអង្គារលោក Putin បានប្រាប់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ថានឹងពុំមានប្រតិបត្តិការសឹកត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Mariupol ទេ ដោយបញ្ជាក់ថា ក្រុង Kyiv គួរតែទទួលខុសត្រូវលើប្រជាពលរដ្ឋនៅក្នុងរោងចក្រដែកថែប Azovstal៕
អត្ថបទ៖ សុខមាន