កម្ពុជាមានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពនៃការទទួលសេវាហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋខ្ពស់ បើធៀបប្រទេសក្នុង ពិភពលោក (ប្រទេសដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែល) ខណៈដែលវិស័យធានាគារ ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការបត់បែនខ្លាំង ឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹង តម្រូវការជាក់ស្តែង របស់អតិថិជន។
ជុំវិញការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ គឺជាការធានាឱ្យប្រជាជនគ្រប់រូប ជាពិសេសក្រុមជនងាយរងគ្រោះ និងស្ត្រីទទួល បាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយគុណភាព តម្លៃសមរម្យ និងសុវត្ថិភាព។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានគាំទ្រ យ៉ាងសកម្មតាមរយៈក្របខ័ណ្ឌយុទ្ធសាស្ត្រ និងការច្នៃប្រឌិតបច្ចេកវិទ្យា ក្នុងនោះធនាគារជាតិនៃកម្ពុជា (NBC) ក៏បានដាក់ចេញនូវ យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ (NFIS) ដែលមានគោលដៅបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងកាត់បន្ថយគម្លាត ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ, ខណៈដែលក្នុងនោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏បានសហការគ្នាដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ផងដែរ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបរិយាបន្ន ហិរញ្ញវត្ថុនៅកម្ពុជា នេះថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា បានភាពរីកចម្រើនយ៉ាងខ្លំាង និងបានដើរលឿនទៅមុខ ព្រមទាំង មានភាពបត់បែនខ្លាំងនៅលើទីផ្សារ ទន្ទឹមនេះក៏មានការវិនិយោគច្រើន ពីអ្នកផ្តល់ប្រាក់កម្ចីធំៗនៅលើពិភពលោក ដែលជំរុញដល់ការ ផ្តល់សេវា និងការប្រកួតប្រែងលើទីផ្សារមានលក្ខណៈល្អប្រសើរ ចំណែកអ្នកដែលទទួលបានផលមុនគេគឺប្រជាពលរដ្ឋផ្ទាល់។
លោកបន្តថា ខណៈការទទួលបានសេវាហិរញ្ញវត្ថុនៅកម្ពុជាស្ថិតក្នុងកម្រិតខ្ពស់ អ្វីដែលជាការព្រួយបារម្ភ ថាតើពួកគាត់ប្រើ ប្រាស់សេវាហិរញ្ញវត្ថុបានត្រឹមត្រូវដែរឬទេ? បញ្ហានេះ, គឺជាអាទិភាពមួយដែលគ្រឹះស្ថានយកចិត្តទុកដាក់ ព្រោះនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ពិភពលោកក៏ដូចកម្ពុជាជួបបញ្ហាជាច្រើនដូចជា៖ វិបត្តិជំងឺកូវីដ-១៩, សង្គ្រាមរុស្សី-អ៊ុយក្រែន, បញ្ហានៃ ការហក់ឡើងថ្លៃប្រេងឥន្ធនៈ ដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា និងភាពមិនទាន់ប្រាកដប្រជានៃជម្លោះព្រំដែនកម្ពុជា-ថៃជាដើម។
ជុំវិញការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជាបាត់ទុកជាការងារអាទិភាពដ៏សំខាន់ ក្នុងការលើកកម្ពស់ការទទួល បាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលមានលក្ខណៈទាន់ពេលវេលា តម្លៃសមរម្យ និងមានការការពារតាមច្បាប់សម្រាប់ ប្រជាជនគ្រប់រូប ជាពិសេសជនក្រីក ប្រជាជននៅតាមតំបន់ជនបទ ស្ត្រី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ធនាគារជាតិនៃ កម្ពុជាបានបន្តអនុវត្តផែនការសកម្មភាព យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៦-២០៣០ ដែលឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការបន្តធានាឱ្យបាននូវវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងចីរភាព ដើម្បីគាំទ្រការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី




