ក្រុមអ្នកសម្របសម្រួលបាននិយាយថា កិច្ចចរចាជុំទីមួយរវាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅប្រទេសស្វីស បានបញ្ចប់ហើយនៅថ្ងៃចន្ទ២២មិថុនានេះ បន្ទាប់ពីការបើកដ៏តានតឹងមួយដែលត្រូវបានគ្របដណ្ដប់ដោយការប្រកាសរបស់ទីក្រុងតេអេរ៉ង់ថា ខ្លួនបានបិទច្រកសមុទ្រហ័រមូសម្តងទៀត និងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយឡើងវិញនូវការគំរាមកំហែងរបស់លោកដើម្បីបន្តការវាយប្រហារលើអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍រួមមួយពីក្រុមប្រទេសសម្របសម្រួលកាតា និងប៉ាគីស្ថាន បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើផែនទីបង្ហាញផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល៦០ថ្ងៃ។កិច្ចពិភាក្សាបច្ចេកទេសនឹងបន្តសម្រាប់រយៈពេលដែលនៅសល់នៃសប្តាហ៍នេះក្នុងរមណីយដ្ឋានភ្នំ Buergenstock របស់ប្រទេសស្វីសគ្រប់គ្រងដោយកាតា នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយដោយក្រសួងការបរទេសកាតា។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា ភាគីទាំងពីរបានយល់ព្រមលើយន្តការមួយដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ និងបានបើកខ្សែទំនាក់ទំនងដើម្បីជួយធានាការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់នាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រដែលមានជម្លោះ។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance បានបើកកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាដែលសម្រេចបានកាលពីសប្តាហ៍មុន ដើម្បីពង្រីកបទឈប់បាញ់ដ៏រឹងមាំចាប់ពីខែមេសាយ៉ាងហោចណាស់ ៦០ ថ្ងៃទៀត។ ការពិភាក្សាបានធ្វើឡើងពេញមួយយប់បន្តរហូតដល់ព្រឹកព្រលឹមថ្ងៃចន្ទនេះ។
ក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា ប្រទេសរបស់លោកបានទទួលការលើកលែងសម្រាប់ការនាំចេញប្រេង និងគីមីឥន្ធនៈ ការដោះលែងទ្រព្យសម្បត្តិដែលបានបង្កកមួយចំនួន និងការដាក់ឱ្យដំណើរការផែនការកសាងឡើងវិញ និងអភិវឌ្ឍន៍សម្រាប់អ៊ីរ៉ង់។សេតវិមាន ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗទេ នៅពេលសួរថាតើការចរចាបានបញ្ចប់ហើយឬនៅពេលនេះ៕