អ្នកគាំទ្រក្រុមជម្រើសជាតិជប៉ុនបានបន្តបង្ហាញស្មារតីគំរូម្តងទៀត ដោយនាំគ្នាបនន្តនៅក្នុងកីឡដ្ឋានទីក្រុង Monterrey ដើម្បីប្រមូលសំរាម និងសម្អាតកន្លែងអង្គុយ ក្រោយពីក្រុមការប្រកួតដែលជប៉ុនយកឈ្នះក្រុមទុយនីស៊ីក្នុងលទ្ធផល ៤-០។
ការប្រកួតនេះក៏ត្រូវបានកត់ត្រាជាការប្រកួតទី ១០០០ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកផងដែរ ខណៈអ្នកគាំទ្រជប៉ុនបានអបអរសាទរជ័យជម្នះដ៏ធំធេងរបស់ក្រុមខ្លួន តាមរបៀបដែលបានក្លាយជាអត្តសញ្ញាណមួយរបស់ពួកគេ គឺការសម្អាតកីឡដ្ឋានបន្ទាប់ពីការប្រកួតបញ្ចប់។
ទម្លាប់នេះ ត្រូវបានគេស្គាល់នៅក្នុងប្រទេសជប៉ុនថា “Gomi Hiroi” ដែលមានន័យថា ការរើសសំរាម និងទទួលខុសត្រូវចំពោះទីកន្លែងសាធារណៈដែលខ្លួនបានប្រើប្រាស់។
លោក Ken Okawa អាយុ ៣០ ឆ្នាំ បាននិយាយថា លោកមានសេចក្តីរីករាយដែលអាចនាំយកទម្លាប់ដ៏ល្អនេះមកកាន់ការប្រកួត World Cup លើកដំបូងក្នុងជីវិតរបស់លោក។ លោកបានប្រមូលកែវភេសជ្ជៈ និងសំរាមផ្សេងៗនៅជុំវិញកន្លែងអង្គុយរបស់ខ្លួន ដើម្បីបង្ហាញការដឹងគុណចំពោះម្ចាស់ផ្ទះ។
លោកបាននិយាយថា៖ «យើងជាភ្ញៀវនៅម៉ិកស៊ិក។ ខ្ញុំទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ដូច្នេះនេះគឺជាវិធីមួយដើម្បីបង្ហាញការអរគុណរបស់ខ្ញុំ»។
ការអប់រំអំពីភាពស្អាតស្អំ និងទំនួលខុសត្រូវចំពោះសហគមន៍ ត្រូវបានបណ្តុះបណ្តាលតាំងពីកុមារភាពនៅប្រទេសជប៉ុន។ សិស្សានុសិស្សត្រូវបានបង្រៀនឱ្យសម្អាតថ្នាក់រៀនរបស់ខ្លួនដោយផ្ទាល់ ដែលធ្វើឱ្យទម្លាប់នេះក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។
អ្នកគាំទ្រម្នាក់ទៀតលោកស្រី Miku Takeya អាយុ ៤១ ឆ្នាំ បានលើកឡើងថាការរៀបចំសម្អាតបន្ទាប់ពីការប្រើប្រាស់គឺជារឿងធម្មតាសម្រាប់ប្រជាជនជប៉ុន។
លោកស្រីបាននិយាយថា៖ «វាជាផ្នែកមួយនៃវប្បធម៌របស់យើង។ យើងចង់ឱ្យទីកន្លែងដែលយើងបានប្រើប្រាស់ ស្អាត និងមានផាសុកភាពសម្រាប់មនុស្សបន្ទាប់»។
អំឡុងបាល់ទាត់ពិភពលោកឆ្នាំនេះ រូបភាពអ្នកគាំទ្រជប៉ុនសម្អាតកីឡដ្ឋានក្រោយការប្រកួតរបស់ជប៉ុនបានក្លាយជាប្រធានបទល្បីល្បាញនៅលើបណ្តាញសង្គម និងទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ។
មុនការប្រកួតនេះអភិបាលរដ្ឋ Samuel García បានឱ្យដឹងថា អាជ្ញាធរបានរៀបចំថង់សំរាមចំនួន ២០,០០០ ថង់ សម្រាប់ចែកជូននៅក្នុងកីឡដ្ឋាន ក៏ដូចជាតំបន់ Fanfest និងគោលដៅទេសចរណ៍ផ្សេងៗតាមសំណើរបស់អ្នកគាំទ្រជប៉ុន។
ទោះបីជាទង្វើនេះទទួលបានការចាប់អារម្មណ៍ពីពិភពលោកក៏ដោយ អ្នកគាំទ្រជប៉ុនជាច្រើនបានអះអាងថា វាគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះសម្រាប់ពួកគេ។
លោក Ichiro Oyo អាយុ ២៧ ឆ្នាំ បាននិយាយថា៖ «នៅជប៉ុន វាជារឿងធម្មតា និងជាសុជីវធម៌ដែលមនុស្សគ្រប់គ្នាគួរតែអនុវត្ត»។
ចំណែកលោក Ryo Matsuoka អាយុ ៣២ ឆ្នាំ បានបង្ហាញមោទនភាពដែលបាននាំយកវប្បធម៌ល្អនេះមកបង្ហាញនៅលើឆាកពិភពលោក។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានមោទនភាពណាស់ ដែលវប្បធម៌នេះត្រូវបានបង្ហាញនៅក្នុងកីឡដ្ឋានមួយ ដែលមានមនុស្សមកពីជុំវិញពិភពលោកកំពុងតាមដាន»។
សកម្មភាពរបស់អ្នកគាំទ្រជប៉ុនបានបន្តបញ្ជាក់ថា បាល់ទាត់មិនត្រឹមតែជាការប្រកួតប្រជែងនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្ហាញពីវប្បធម៌ ស្មារតីទទួលខុសត្រូវ និងគំរូវិជ្ជមានទៅកាន់សហគមន៍អន្តរជាតិផងដែរ៕ អត្ថបទ៖នាង សុភាវុធ



