ប្រជាជនលីបង់ដែលបានភៀសខ្លួនដោយសារសង្គ្រាមជាច្រើនខែរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា មានក្តីសង្ឃឹម ខណៈពួកគេបានធ្វើដំណើរត្រឡប់ទៅភាគខាងត្បូងប្រទេសលីបង់វិញកាលពីថ្ងៃអាទិត្យ ទី ២១ ខែមិថុនា ពីរថ្ងៃបន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមហេសបូឡាបានចូលជាធរមាន ក្នុងគោលបំណងបញ្ឈប់អំពើហិង្សាដែលកើនឡើងជាច្រើនខែ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ NNA បានឲ្យដឹងថា បទឈប់បាញ់ជាមួយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានចូលជាធរមានកាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា បន្ទាប់ពីអំពើហិង្សាកើនឡើងជាច្រើនខែ ប៉ុន្តែកាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់នៅក្នុងប្រទេសលីបង់។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនាថា ទាហានអ៊ីស្រាអែល មានសេរីភាពក្នុងការធ្វើសកម្មភាពដោយគ្មានការរឹតត្បិតដើម្បីកម្ចាត់ការគំរាមកំហែងនៅក្នុងប្រទេសលីបង់ ហើយកងទ័ពនៅតែស្ថិតក្នុងទីតាំង ជាអ្វីដែលអ៊ីស្រាអែលហៅថាជាតំបន់សន្តិសុខ។ អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារទាំងនោះ គឺជាការឆ្លើយតបទៅនឹងគ្រាប់ផ្លោងដែលបានបាញ់ដោយក្រុមគាំទ្រដោយអ៊ីរ៉ង់ទៅលើកងទ័ពរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ ដែលជំរុញឱ្យមានការវាយប្រហារលើអ្វីដែលមន្ត្រីអ៊ីស្រាអែលម្នាក់បានពិពណ៌នាថាជា «គោលដៅលើក្រុមហេសបូឡា»។ ប្រទេសលីបង់ត្រូវបានទាញឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមក្នុងតំបន់នៅពេលដែលក្រុមហេសបូឡាបានបើកការបាញ់ប្រហារទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី២ ខែមីនា ដែលជំរុញឱ្យអ៊ីស្រាអែល បើកការវាយលុកទ្រង់ទ្រាយធំទៅលើក្រុមនេះ និងឈ្លានពាននៅភាគខាងត្បូង។