ក្រុមជម្រើសជាតិអេស្ប៉ាញ បានបង្ហាញទម្រង់លេងយ៉ាងល្អ និងយកបានបីពិន្ទុដំបូងរបស់ខ្លួននៅបាល់ទាត់ពិភពលោកឆ្នាំនេះ ដោយយកឈ្នះអារ៉ាប៊ីសាអ៊ូឌីតក្នុងលទ្ធផល ៤-០ នៅការប្រកួតជុំទី២ ពូល H។
ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal រកបានមួយគ្រាប់ ខណៈ Mikel Oyarzabal ស៊ុតបញ្ចូលទីពីរគ្រាប់ ជួយឱ្យអេស្ប៉ាញទទួលបានជ័យជម្នះដ៏ធំ និងឡើងឈរកំពូលតារាងពូលជាបណ្តោះអាសន្ន។
នេះជាជ័យជំនះដ៏មានសារៈសំខាន់សម្រាប់ក្រុមរបស់លោក Luis de la Fuente បន្ទាប់ពីប្រកួតដំបូងបានខកចិត្តក្រោយស្មើក្រុមមកពីអាហ្វ្រិកកាប់វែរ។
កាប់វែរដែលបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ជាថ្មីម្តងទៀតរកបានមួយពិន្ទុពីក្រុមខ្លាំង បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ទល់នឹងក្រុមជើងឯកពីរសម័យអ៊ុយរូហ្គាយ។
កាប់វែរជាអ្នកបើកការនាំមុខមុន តាមរយៈគ្រាប់បាល់របស់ Kevin Pina ប៉ុន្តែអ៊ុយរូហ្កាយវាយបកបានពីរគ្រាប់ជាប់គ្នានៅចុងវគ្គទី១។ យ៉ាងណាក៏ដោយកាប់វែរអាចតាមស្មើវិញនៅវគ្គទី២ ដោយ Helio Varela។
ក្រោយបញ្ចប់ការប្រកួតជុំទី២ អេស្ប៉ាញកំពុងឈរលេខ ១ ក្នុងពូល H មាន ៤ ពិន្ទុ ខណៈអ៊ុយរូហ្កាយ និង កាប់វែរមាន ២ ពិន្ទុស្មើគ្នា ហើយ អារ៉ាប៊ីសាអ៊ូឌីត ស្ថិតនៅបាតតារាងមាន ១ ពិន្ទុ។
ដូច្នេះ ការប្រកួតជុំចុងក្រោយនៅពូល H នឹងក្លាយជាការប្រជែងដ៏តានតឹងសម្រាប់ការឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ ដោយអេស្ប៉ាញត្រូវជួបអ៊ុយរូហ្គាយ និងកាប់វែរជួបអារ៉ាប៊ីសាអ៊ូឌីត៕ អត្ថបទ៖នាង សុភាវុធ


