ចិន៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយកាលពីថ្ងៃអង្គារថា ក្រុមអាជ្ញាធរចិនពុំបានស្វែងរកការផ្ទុះសង្គ្រាមលោកលើកទី៣ ទេ ផ្ទុយទៅវិញចង់បានការដោះស្រាយជម្លោះក្នុងប្រទេសអ៊ុយក្រែនតាមផ្លូវការទូត។

លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា គ្មាននរណាម្នាក់ចង់ឃើញសង្គ្រាមលោកលើកទី៣ ផ្ទុះឡើងទេ វាជារឿងចាំបាច់ណាស់ក្នុងការគាំទ្រដំណើរការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ជាការឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានលោកខាងលិចអំពីថា តើក្រសួងការបរទេសចិនយល់ឃើញយ៉ាងណា អំពីការប្រើប្រាស់ពាក្យសម្ដីថ្មីៗរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ទាក់ទងនឹងការគំរាមពីការផ្ទុះសង្គ្រាមលោកលើកទី៣។
យោងតាមលោក Wang Wenbin ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ុយក្រែន មិនគួរបណ្ដោយឲ្យអូសបន្លាយបែបនេះទេ។ លោកបានចង្អុលបង្ហាញពីភាពចាំបាច់ក្នុងការទប់ស្កាត់ផលវិបាកអវិជ្ជមាន ដើម្បីកុំឲ្យជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន មិនត្រឹមតែប៉ះពាល់ដល់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ពិភពលោកទៀតផង៕
អត្ថបទ៖ សុខមាន