នគរបាលហ្វីលីពីន នៅថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា មនុស្ស ៣នាក់ បានបាត់បង់ជីវិត និង ៥នាក់ទៀតរងរបួស ដោយសារការបាញ់ប្រហារ ក្នុងសាលារៀន នៅភាគកណ្តាលនៃប្រទេសហ្វីលីពីន។

នគរបាលបានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន និងម្នាក់ទៀតនៅតែរត់គេចខ្លួន បន្ទាប់ពីមានការបាញ់ប្រហារ នៅវិទ្យាល័យជាតិ San Jose ក្នុងទីក្រុង Tacloban ខេត្ត Leyte។

ការបាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ៩ព្រឹក (ម៉ោងក្នុងស្រុក) នៅខាងក្នុងសាលា នៅតំបន់ Barangay San Jose ក្នុងទីក្រុង Tacloban។ ការិយាល័យនគរបាលក្រុង Tacloban កំពុងធ្វើការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដ នៅពីក្រោយហេតុការណ៍នេះ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពក្បែរនោះ ដើម្បីទទួលការព្យាបាល។

ការិយាល័យនគរបាលតំបន់លេខ៨ បានដាក់ពង្រាយបុគ្គលិកបន្ថែមនៅសាលារៀននេះ ដើម្បីធានាសុវត្ថិភាពរបស់សិស្ស បុគ្គលិក ឪពុកម្តាយ និងសហគមន៍ជុំវិញ។ ហើយអាជ្ញាធរបានជំរុញឲ្យសាធារណជនកុំផ្សព្វផ្សាយព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ និងសហការជាមួយអ្នកស៊ើបអង្កេត៕