មេធាវីស្តាំនិយមជ្រុលលោក Abelardo De La Espriella ទទួលបានជ័យជម្នះយ៉ាងប្រកៀកប្រកិតនៅការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូឡុំប៊ី ។ នេះបើយោងតាមការរាប់សន្លឹកឆ្នោតដំបូង ។
លោក Abelardo de la Espriella បានឈ្នះសំឡេងឆ្នោត ៤៩,៧ភាគរយ ទល់នឹងសំឡេងឆ្នោត ៤៨,៧ភាគរយរបស់សមាជិកព្រឹទ្ធសភាឆ្វេងនិយមលោក Ivan Cepeda ពេលដែលទ្ធផលឆ្នោត ៩៩,៩ភាគរយ ត្រូវបានបញ្ចេញដោយអាជ្ញាធររៀបចំការឆ្នោតនៅព្រឹកថ្ងៃចន្ទនេះ ។
លោក Cepedaវ័យ ៦៣ឆ្នាំ បានសន្យារក្សាគោលនយោបាយរបស់លោកប្រធានាធិបតី Gustavo Petro ដែលជាអតីតក្រុមឧទ្ទាម និងជាប្រធានាធិបតីឆ្វេងនិយមលើកដំបូងរបស់កូឡុំប៊ី រួមទាំងវិធានការសង្គមដ៏ពេញនិយម និងបន្តកិច្ចប្រជុំសន្តិភាពជាមួយក្រុមប្រដាប់អាវុធ ។
ខណៈពេលនោះដែរ លោក De La Espriella បានដាក់ការស្តីបន្ទោសលោក Petro សម្រាប់បញ្ហាសេដ្ឋកិច្ច និងសន្តិសុខរបស់ប្រទេសមួយនេះ ដោយរូបលោកសន្យាបញ្ចប់កិច្ចពិភាក្សាជាមួយក្រុមឧទ្ទាម ខណៈពង្រឹងវិស័យប្រេង និងឧស្ម័ន និងបញ្ចុះតម្លៃពន្ធ ។
លោក De La Espriella និយាយប្រាប់ក្រុមមអ្នកគាំទ្រដែលបានជួបជុំគ្នានៅទីក្រុងតំបន់ឆ្នេរ Barranquillaថា លោកនឹងគ្រប់គ្រងប្រទេស ដើម្បីពលរដ្ឋកូឡុំប៊ីទាំងអស់គ្នា ។
នៅមុននេះ លោកបានអបអរការជជែកតាមទូរស័ព្ទសាទរពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។ លោក De La Espriella ក៏ជាពលរដ្ឋអាមេរិក និងអ៊ីតាលីផងដែរ ហើយរូបលោកមានផ្ទះនៅតាមបណ្តាប្រទេសជាច្រើន ៕

