នាព្រឹកថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) នេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ការចរចាជាមួយសហរដ្ឋអាមេរិក នៅប្រទេសស្វីស ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន និងកាតា បាននាំមកនូវវឌ្ឍនដ៏សំខាន់ឆ្ពោះទៅរកការបញ្ចប់សង្គ្រាម នៅលីបង់ និងការបន្ធូរបន្ថយសម្ពាធ លើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
លោក Araghchi បានលើកឡើងតាមវេទិកាបណ្ដាញសង្គម X ថា៖ «ការសម្របសម្រួលដោយមិនគិតពីការនឿយហត់របស់ប៉ាគីស្ថាន និងកាតា បានផ្តល់នូវវឌ្ឍនភាពដ៏សំខាន់ ដើម្បីបញ្ចប់សង្គ្រាម នៅប្រទេសលីបង់។ ការនាំចេញប្រេង និងប្រេងកាត ត្រូវបានលើកលែង ការបិទខ្ទប់ផ្លូវទឹកត្រូវបានដកចេញ ទ្រព្យសម្បត្តិបង្កកមួយចំនួនត្រូវបានបញ្ចេញ ហើយផែនការកសាងឡើងវិញ និងអភិវឌ្ឍន៍ដ៏ធំ ត្រូវបានចាប់ផ្ដើមដំណើរការសម្រាប់អ៊ីរ៉ង់»។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោកបែបនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីកាតា និងប៉ាគីស្ថាន បានប្រកាសពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងកិច្ចប្រឹងប្រែងការទូតដែលកំពុងបន្ត រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីបានបញ្ចប់កិច្ចចរចាកម្រិតខ្ពស់ជុំទី១ នៅឯកិច្ចប្រជុំកំពូល Lake Lucerne Summit ក្នុងទីក្រុង Burgenstock។
យោងតាមសេចក្តីថ្លែងការណ៍រួម បានបង្ហាញថា ភាគីទាំង២ បានឯកភាពគ្នាលើការបង្កើតក្រុមដោះស្រាយជម្លោះ រវាងភាគីពាក់ព័ន្ធ សាធារណរដ្ឋលីបង់ និងត្រូវបានសម្របសម្រួលដោយអន្តរការី ដើម្បីធានាឲ្យបាននូវការប្រកាន់ខ្ជាប់ការបញ្ចប់ប្រតិបត្តិការយោធា នៅលីបង់ ស្របតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU)៕

