ក្រុមអ្នកសម្របសម្រួលនិយាយថា ជុំដំបូងនៃកិច្ចប្រជុំរវាងក្រុមមន្រ្តីកម្រិតខ្ពស់មកពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងប្រទេសស្វីស បានបញ្ចប់ហើយ ក្នុងនោះភាគីទាំង ២ បានឯកភាពគ្នាលើផែនទីតម្រង់ទិសឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាង ១០០ថ្ងៃរបស់ពួកគេ ។
យោងតាមការអះអាងរបស់ក្រុមអ្នកសម្របសម្រួលបានឲ្យដឹងថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឯកភាពគ្នា បង្កើតបណ្តាញទំនាក់ទំនង ដើម្បីរក្សាឲ្យបើកច្រកសមុទ្រដ៏ចាំបាច់ Hormuz និងបញ្ចប់ការប្រយុទ្ធគ្នាក្នុងប្រទេសលីបង់នៅកិច្ចប្រជុំវិលជុំដែលបានបញ្ចប់នៅថ្ងៃចន្ទនេះ ។
ប្រធានសភាលោក Mohammad Bagher Ghalibaf និងលោករដ្ឋមន្រ្តីការបរទេស Abbas Araghchi បានដឹកនាំគណៈប្រតិភូអ៊ីរ៉ង់នៅកិច្ចប្រជុំកម្រិតខ្ពស់កាលពីថ្ងៃអាទិត្យ ដែលសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា ក្នុងនោះលោកអនុប្រធានាធិបតី JD Vance ដឹកនាំគណៈប្រតិភូសហរដ្ឋអាមេរិក ។

ពួកគេបានបើកកិច្ចប្រុំកាលពីថ្ងៃអាទិត្យដែលជាផ្នែកមួយនៃរយៈពេលចរចា ២ខែ ត្រូវបានកំណត់ក្រោមកិច្ចព្រមព្រៀងបឋមដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន ។
ក្រុមអ្នកសម្របសម្រួលប៉ាគីស្ថាន និងកាតា និយាយថា ក្រុមចរចាបានឈានដល់ការឯកភាពគ្នាលើផែនទីតម្រង់ទិសឆ្ពោះទៅរកការឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រ ក្នុងរយៈពេល ៦០ថ្ងៃ ក្នុងនោះកិច្ចប្រជុំផ្នែកបច្ចេកទេសនឹងបន្តរយៈពេលសេសសល់ក្នុងសប្តាហ៍នេះ នៅឯរមណីយដ្ឋាន Burgenstock របស់ប្រទេសស្វីស ។
ពួកគេបន្តថា ការជំរុញវឌ្ឍនភាពត្រូវបានធ្វើឡើង រួមទាំងការបង្កើតយន្តការសម្រាប់កិច្ចប្រជុំបច្ចេកទេសបន្ថែមទៀត ហើយបណ្តាញទាក់ទង ត្រូវបានបង្កើតឡើង ដើម្បីចៀសវាងឧបទ្ទេវហេតុ ឬទំនាក់ទំនងខុសនៅច្រកសមុទ្រ Hormuz ។
ពួកគេនិយាយទៀតថា ក្រុមដោះស្រាយជម្លោះ រវាងភាគីពាក់ព័ន្ធ និងអាជ្ញាធរនៅលីបង់ ត្រូវបានឯកភាពគ្នាផងដែរ ដើម្បីការពារមិនឲ្យការប្រយុទ្ធគ្នាផ្ទុះឡើងនៅទីនោះម្ដងទៀត ៕


