ភ្នំពេញ៖ គណបក្សនយោបាយដែលត្រៀមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ លើកឡើងថា ដំណើរការរៀបចំការបោះឆ្នោតបានប្រកបដោយសេរីពហុបក្ស។
ស្របពេល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប កំពុងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ មានគណបក្សនយោបាយដែលបានដាក់បេក្ខភាពចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ បានលើកឡើងថា ក្នុងដំណាក់កាលនីមួយៗរបស់ គ.ជ.ប បានដំណើរការទៅដោយអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យពេញលេញ ដែលអនុញ្ញាតឲ្យគណបក្សនយោបាយបានចូលរួមប្រកួតប្រជែងរកសំឡេងគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតនាពេលខាងមុខ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលបានដាក់បេក្ខភាពចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួនប្រមាណ ៦០០នាក់នៅទូទាំងប្រទេស ប្រាប់BTV News ឲ្យដឹងថា ក្នុងការធ្វើសកម្មភាពនយោបាយតាមមូលដ្ឋានបានផ្តល់កិច្ចសហការបានយ៉ាងល្អពីអាជ្ញាធរមូលដ្ឋាន ដែលនេះបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យរបស់គណបក្សនយោបាយសម្រាប់ចូលរួមការបោះឆ្នោតឃុំ-សង្កាត់។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានកំពុងផ្តល់ឱកាសធ្វើសកម្មភាពនយោបាយពេញលេញ ខណៈប្រទេសមួយចំនួននៅមិនទាន់មានគណបក្សនយោបាយដែលមាននិន្នាការផ្សេងគ្នាបានចូលរួមច្រើននៅឡើយទេ។
ទន្ទឹមគ្នានេះ លោក ញ៉ឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងដែរថា ក្នុងអាណ្ណត្តិទី៥ មានគណបក្សនយោបាយបានចូលរួមយ៉ាងផុសផុល ជាពិសេសការសម្របសម្រួលពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈលោក អះអាងថា ការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការសង្កេតការបោះឆ្នោតខាងមុខ នឹងឆ្លុះបញ្ចាំងពីលំហរប្រជាធិបតេយ្យរបស់កម្ពុជា។
គួរបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ មានគណបក្សនយោបាយសរុបចំនួន១៧ ចូលរួមការបោះឆ្នោត ដោយក្នុងចំណោម១៧ គណបក្សនយោបាយនោះ គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខភាពច្រើនជាងគេ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ចំនួនជិត១០លាននាក់ ខណៈការិយាល័យដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខមានចំនួនជាង ២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១,៦៥២ឃុំ-សង្កាត់៕អត្ថបទ សេក ឧត្តម