ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃអាទិត្យ (ទី២១ ខែមិថុនា ឆ្នាំ២០២៦) បានបដិសេធថា ប្រទេសរបស់លោកមិនបានស្វែងរកការធ្វើអន្តរាគមន៍ផ្នែកយោធានៅលីបង់ឡើយ ជាទីដែលអ៊ីស្រាអែល និងក្រុមហេសបូឡាកំពុងធ្វើសង្គ្រាម បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងម្តងហើយម្តងទៀតថា ទីក្រុងដាម៉ាសអាចចូលរួមពាក់ព័ន្ធ។
នៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Al Mashhad លោក Sharaa បានសង្កត់ធ្ងន់ថា៖ «យើងកំពុងស្វែងរកបណ្តាញសេដ្ឋកិច្ច រវាងប្រទេសលីបង់ និងស៊ីរី មិនមែនបណ្តាញយោធាទេ»។
កាលពីថ្ងៃទី២១ ខែមិថុនា លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា លោក «មានការខកចិត្តដែលអ៊ីស្រាអែលមិនអាចយកជ័យជម្នះលើក្រុមហេសបូឡាបាន» ដោយបានបន្ថែមថា ទាក់ទងនឹងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធនេះ លោកជិតប្រគល់កិច្ចការនេះឲ្យទៅស៊ីរីហើយ។
គួរបញ្ជាក់ថា ហេសបូឡាបានទាញប្រទេសលីបង់ឲ្យចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាកាលពីថ្ងៃទី២ ខែមីនា ដោយការបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល ដើម្បីសងសឹក ចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំឡុងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅប៉ុន្មានថ្ងៃមុនប្រតិបត្តិការរបស់ខ្លួន។ អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារតាមអាកាស និងការលុកលុយផ្លូវគោក៕


