ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) បានរិះគន់ការដំឡើងរបងព្រំដែន «កាន់តែខ្លាំង» របស់កូរ៉េខាងជើង ដោយចាត់ទុកថា ជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានបញ្ឈប់សង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-៥៣។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានឲ្យដឹងថា ការរិះគន់ពីយោធាកូរ៉េខាងត្បូងនេះ បានកើតឡើងបន្ទាប់ពីមានរបាយការណ៍មួយ ដែលថា របងទាំងនោះត្រូវបានសាងសង់យ៉ាងកៀកនឹងព្រំដែនអន្តរកូរ៉េ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដោយដកស្រង់ប្រភពយោធា បានរាយការណ៍នៅមុននេះថា ទីក្រុងព្យុងយ៉ាងបានដំឡើងរបងលួសបន្លាចម្ងាយត្រឹមតែ ៨០-៩០ម៉ែត្រ ពីខ្សែបន្ទាត់កំណត់ព្រំដែនយោធា (MDL) ដែលខណ្ឌចែកកូរ៉េទាំង២។
នាយសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការដំឡើងរបាំងរបស់យោធាកូរ៉េខាងជើងតាមបណ្តោយ MDL គឺជាការរំលោភយ៉ាងច្បាស់លាស់ ជុំវិញកិច្ចព្រមព្រៀងឈប់បាញ់ ហើយយោធារបស់យើងនឹងបន្តឆ្លើយតបដោយសហការយ៉ាងជិតស្និទ្ធជាមួយបញ្ជាការអង្គការសហប្រជាជាតិ (UNC)»។
JCS បានបញ្ជាក់បន្ថែមថា យោធាកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពយោធារបស់កូរ៉េខាងជើង តាមបណ្តោយតំបន់ព្រំដែន និងរក្សាសន្តិសុខព្រំដែន។ មិនមានប្រតិកម្មភ្លាមៗពីទីក្រុងព្យុងយ៉ាងនោះឡើយ ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់ទីក្រុងសេអ៊ូលនេះ៕


