សេចក្តីថ្លែងការណ៍ផ្លូវការមួយ បានឲ្យដឹងថា អូស្ត្រាលីបានប្រកាសនៅថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) នេះថា ប្រទេសនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញការពារជាតិដ៏ធំបំផុតរបស់ខ្លួន ដោយកាណាដានឹងទិញបច្ចេកវិទ្យារ៉ាដាឃ្លាំមើលក្នុងកិច្ចព្រមព្រៀងតម្លៃ ២,៥ពាន់លានដុល្លារអូស្ត្រាលី (១,៧៥ពាន់លានដុល្លារ)។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បានប្រកាសពីកិច្ចព្រមព្រៀងនេះ រួមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកាណាដា លោក Stephen Fuhr។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឲ្យដឹងថា នេះគឺជាការលក់បច្ចេកវិទ្យារ៉ាដារំលងជើងមេឃ (Over-the-Horizon) លើកដំបូងរបស់ប្រទេសអូស្ត្រាលី នៅក្រៅប្រទេស ហើយនឹងគាំទ្រដល់ការឃ្លាំមើលតំបន់អាកទិករបស់កាណាដា។
តាមរយៈសេចក្តីថ្លែងការណ៍នោះ លោក Albanese បានលើកឡើងថា៖ «កិច្ចព្រមព្រៀងថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងពាណិជ្ជកម្មការពារជាតិអូស្ត្រាលី ហើយបង្កើតនូវគ្រឹះសម្រាប់កិច្ចសហការឧស្សាហកម្មការពារជាតិកាន់តែស៊ីជម្រៅ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកជាមួយកាណាដា»។
គួរបញ្ជាក់ថា បណ្តាញរ៉ាដាប្រតិបត្តិការ Jindalee (Jindalee Operational Radar Network) របស់អូស្ត្រាលី អាចរកឃើញ និងតាមដានយន្តហោះ នាវា និងមីស៊ីល ចម្ងាយរហូតដល់ ៣.០០០គីឡូម៉ែត្រ។ លោក Fuhr បាននិយាយថា បច្ចេកវិទ្យានេះនឹងអាចឲ្យកាណាដាបង្កើន «ការយល់ដឹងអំពីដែនអាកទិក» របស់ខ្លួនបន្ថែមទៀត៕

