តម្លៃប្រេងសកលបានធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ ក្រោយកិច្ចប្រជុំសហរដ្ឋអាមេរិក-អ៊ីរ៉ង់បញ្ចប់ទៅនៅប្រទេសស្វីសដោយទីក្រុងតេអេរ៉ង់និយាយថា ពួកគេបានធានាការលើកលែងសម្រាប់ការនាំចេញប្រេង និងគីមីឥន្ធនៈ បន្ធូរបន្ថយក្តីកង្វល់ចំពោះកង្វះខាតការផ្គត់ផ្គង់នៅក្នុងទីផ្សារពិភពលោក ។
ប្រេងឆៅបានធ្លាក់ចុះ ៦១សេនមកនៅ ៧៩,៩៦ដុល្លារ ក្នុង ១បារ៉ែល គិតត្រឹមវេលាម៉ោង ៨ និង ១៥នាទី ម៉ោងសកលថ្ងៃចន្ទនេះ ។ តម្លៃប្រេងឆៅ បានឡើងដល់ ៨២,៣០ដុល្លារ ក្នុង ១បារ៉ែល ពេលចាប់ផ្តើមធ្វើជំនួញ ដោយសារការគំរាមពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថានឹងចាប់ផ្តើមសង្រ្គាមឡើងវិញ ក៏ដូចជាសេចក្តីប្រកាសពីទីក្រុងតេអេរ៉ង់ថា ពួកគេបានបិទច្រកសមុទ្រ Hormuz ម្តងទៀត ។
ដោយឡែក ប្រេងឆៅសហរដ្ឋអាមេរិក មានតម្លៃ ៧៧,២០ដុល្លារ ក្នុង ១បារ៉ែល ពោលគឺកើនឡើង ៦០សេន មុនពេលកិច្ចសន្យាផុតកំណត់នៅថ្ងៃចន្ទនេះ ។ កិច្ចសន្យាសម្រាប់ខែសីហា កើនឡើង ១៩សេន ដល់ ៧៦,០៤ដុល្លារ ក្នុង ១បារ៉ែល ។
លោក Giovanni Staunovo គឺជាអ្នកវិភាគរបស់ក្រុមហ៊ុនស្វីស UBS និយាយថា វឌ្ឍនភាពរវាងសហរដ្ឋអាមរិក និងអ៊ីរ៉ង់ ក្នុងកិច្ចប្រជុំនៅប្រទេសស្វីស ទំនងជាកត្តាដ៏សំខាន់នាំឲ្យមានការថ្លឹងថ្លែងតម្លៃប្រេងនៅថ្ងៃនេះ ។
សូមបញ្ជាក់ថា ក្រុមអ្នកសម្របសម្រួលប៉ាគីស្ថាន និងកាតានិយាយថា ជុំដំបូងនៃកិច្ចប្រជុំរវាងក្រុមមន្រ្តីកម្រិតខ្ពស់មកពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងប្រទេសស្វីស បានបញ្ចប់ហើយ ក្នុងនោះភាគីទាំង ២ បានឯកភាពគ្នាលើផែនទីតម្រង់ទិសឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាង ១០០ថ្ងៃរបស់ពួកគេ ។
យោងតាមការអះអាងរបស់ក្រុមអ្នកសម្របសម្រួលបានឲ្យដឹងថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឯកភាពគ្នា បង្កើតបណ្តាញទំនាក់ទំនង ដើម្បីរក្សាឲ្យបើកច្រកសមុទ្រដ៏ចាំបាច់ Hormuz និងបញ្ចប់ការប្រយុទ្ធគ្នាក្នុងប្រទេសលីបង់នៅកិច្ចប្រជុំវិលជុំដែលបានបញ្ចប់នៅថ្ងៃចន្ទនេះ ៕

