នាថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «ធ្វើការក្នុងទិសដៅដូចគ្នា» ដើម្បីឲ្យទទួលបាន «លទ្ធផលវិជ្ជមាន» បន្ទាប់ពីអ្នកចរចាជាន់ខ្ពស់នៃភាគីទាំង២ បានជួបប្រជុំគ្នា នៅប្រទេសស្វីស។

អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋធានីរបស់ចិនថា ទីក្រុងប៉េកាំងសង្ឃឹមថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «នឹងរក្សាសន្ទុះល្អ ក្នុងការចរចា និងធ្វើការក្នុងទិសដៅដូចគ្នា ដើម្បីឲ្យទទួលបានលទ្ធផលវិជ្ជមាន»។
សេចក្តីថ្លែងការណ៍ពីទីក្រុងប៉េកាំងនេះ បានកើតឡើងបន្ទាប់ពីប្រទេសប៉ាគីស្ថាន និងកាតា នៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសពីវឌ្ឍនដ៏សំខាន់ នៅក្នុងកិច្ចប្រឹងប្រែងការទូតដែលកំពុងបន្តមាន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ទាប់ពីបានបញ្ចប់កិច្ចចរចាកម្រិតខ្ពស់ជុំទី១ នៅឯកិច្ចប្រជុំកំពូល Lake Lucerne Summit ក្នុងប្រទេសស្វីស។
សេចក្តីថ្លែងការណ៍រួមមួយពីអ្នកសម្របសម្រួលទាំង២ បានរៀបរាប់ថា៖ «កិច្ចប្រជុំកំពូល Lake Lucerne Summit ត្រូវបានធ្វើឡើងក្នុងបរិយាកាសវិជ្ជមាន និងស្ថាបនា។ វឌ្ឍនភាពលើកទឹកចិត្តត្រូវបានធ្វើឡើង រួមទាំងការបង្កើតយន្តការ សម្រាប់កិច្ចចរចាបច្ចេកទេសបន្ថែមទៀត»។
ហើយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo បាននិយាយថា៖ «ប្រទេសចិនគាំទ្រប្រទេសប៉ាគីស្ថាន និងកាតា និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ពួកគេ»។
គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលដឹកនាំដោយប្រធានអ្នកចរចារបស់ភាគីទាំង២ គឺអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និងប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានធ្វើកិច្ចចរចាដោយផ្ទាល់ជាច្រើនម៉ោងដែលគ្រប់គ្នារង់ចាំជាយូរមកហើយ នៅទីក្រុង Burgenstock ដើម្បីពិភាក្សាអំពីវិធីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាដ (Islamabad MOU) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា៕
