នគរបាលអូស្រ្តាលីរឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់ ២,៧តោន ដែលជាគ្រឿងញៀនច្រើនបំផុតពុំធ្លាប់រឹបអូសបានក្នុងប្រទេសមួយនេះ ពីប្រព័ន្ធលេណដ្ឋានក្រោមដីមួយកន្លែង ស្ថិតនៅតំបន់ភាគខាងលិចទីក្រុងស៊ីដនី ។
គ្រឿងញៀនដែលមានតម្លៃប្រហែល ៨១៦លានដុល្លារអូស្រ្តាលីនេះ ត្រូវបានរកឃើញនៅក្នុងបន្ទប់បិទជិតមួយនៅពីក្រោមទ្វារបញ្ចោត ស្ថិតក្នុងទូកុងតឺន័រចំនួន ២ ដែលគេទុកចោលនៅក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងទីក្រុង Londonderry ។

បុរស ២នាក់ ដែលម្នាក់មានអាយុ ២១ឆ្នាំ និងម្នាក់ទៀតមានអាយុ ២៥ឆ្នាំ ហើយនិងបានព្យាយាមរត់គេចពីនគរបាល ត្រូវបានចាប់ខ្លួននៅកន្លែងកើតហតុ ហើយនិងចោទប្រកាន់ពីបទគ្រប់គ្រងគ្រឿងញៀននាំចូលដោយខុសច្បាប់ ។
នគរបាលនិយាយថា សារធាតុកូកាអ៊ីននេះ ត្រូវបានរត់ពន្ធចូលមកក្នុងប្រទេសអូស្រ្តាលី កាត់តាមទីក្រុងតូច Midge Point ស្ថិតក្នុងរដ្ឋ North Queensland តាមការបញ្ជាពីក្រុមឧក្រិដ្ឋជន ។
ពួកគេបន្តថា បុរសទាំង ២នាក់នេះ ដែលកំពុងស្ថិតក្នុងឃុំ ក្រោយឡើងតុលាការកាលពីថ្ងៃសៅរ៍ ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ៕


