ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) នេះថា ខ្លួនបានធ្វើ «កិច្ចពិភាក្សាខ្លីៗ» ជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហានុយក្លេអ៊ែរ ក្នុងអំឡុងពេលមានកិច្ចពិភាក្សាកម្រិតខ្ពស់នៅប្រទេសស្វីស ដោយពណ៌នាអំពីការផ្លាស់ប្តូរនេះថា «គ្រាន់តែជាការបង្ហាញជំហរ» ខណៈពេលដែលគណៈប្រតិភូរបស់ខ្លួន កំពុងធ្វើដំណើរត្រឡប់ទៅប្រទេសវិញ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Esmail Baghaei បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋថា៖ «គណៈប្រតិភូអាមេរិក ក្នុងផ្នែកនៃសុន្ទរកថារបស់ខ្លួន បានបញ្ជាក់ជំហររបស់ខ្លួន ជុំវិញបញ្ហានុយក្លេអ៊ែរ ដោយខ្លីៗ។ គណៈប្រតិភូនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក៏បានបង្ហាញពីជំហររបស់ខ្លួនផងដែរ»។

គួរបញ្ជាក់ថា កិច្ចពិភាក្សាជុំទី១ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅឯរមណីយដ្ឋានតំបន់ជួរភ្នំនៃទីក្រុង Burgenstock របស់ប្រទេសស្វីស ដែលមានឈ្មោះកិច្ចប្រជុំកំពូល Lake Lucerne Summit បានបញ្ចប់ហើយនៅព្រឹកថ្ងៃចន្ទនេះ។ ការចរចានេះមានគោលបំណងឈានដល់ការបញ្ចប់ជាអចិន្ត្រៃយ៍ ចំពោះសង្គ្រាមអ៊ីរ៉ង់។
តែយ៉ាងណាក្ដី លោក Baghaei បានពណ៌នាអំពីការផ្លាស់ប្តូរនេះថា «គ្រាន់តែជាការបង្ហាញជំហរ» ដោយពន្យល់ថា វានៅតែ «លឿនពេក» ដែលមិនអាចពិភាក្សា អំពីកិច្ចព្រមព្រៀងចុងក្រោយ ហើយ «មិនអាចនិយាយបានថា ការចរចា ស្ដីពីបញ្ហានុយក្លេអ៊ែរ បានចាប់ផ្តើមហើយនោះទេ»៕
