ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា នាវាផ្ទុកយន្តហោះ Liaoning និងនាវាអមដំណើររបស់ប្រទេសចិន នៅថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) នេះ បានវិលត្រឡប់ទៅកាន់កំពង់ផែចិនវិញហើយ បន្ទាប់ពីបានធ្វើសមយុទ្ធជាង ៤០ថ្ងៃ នៅសមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។
យោងតាមទូរទស្សន៍ CCTV បានឲ្យដឹងទៀតថា ការហ្វឹកហ្វឺននេះផ្តោតលើការត្រៀមខ្លួនប្រយុទ្ធ រួមទាំងការការពារដែនអាកាស ការវាយប្រហារប្រឆាំងនាវា បេសកកម្មគាំទ្រ ការជួយសង្គ្រោះចម្ងាយឆ្ងាយ និងសមយុទ្ធបាញ់គ្រាប់ពិត។ ទូរទស្សន៍ដដែលបានឲ្យដឹងបន្តថា ក្រុមនាវានេះបានធ្វើការហ្វឹកហាត់វាយលុកបាញ់ពីនាវាទៅអាកាស និងការពារដែនអាកាសជាច្រើនដង។
សមយុទ្ធរួមគ្នាជាមួយក្រុមនាវាចម្បាំងទាំងក្នុងទឹក និងលើគោក បានក៏ត្រូវបានធ្វើឡើងផងដែរ នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច ដើម្បីបង្កើនការសម្របសម្រួល ក្នុងប្រតិបត្តិការសមុទ្រឆ្ងាយៗ។
ទូរទស្សន៍ CCTV ក៏បានឲ្យដឹងទៀតផងដែរថា ក្នុងអំឡុងពេលហ្វឹកហាត់ ក្រុមនាវាផ្ទុកយន្តហោះ Liaoning បានដោះស្រាយដោយ «វិជ្ជាជីវៈ និងប្រុងប្រយ័ត្ន» នូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយនេះហៅថា «ការតាមដានចម្ងាយជិត ការយាយី និងការបង្កហេតុម្តងហើយម្តងទៀត» ដោយនាវា និងយន្តហោះរបស់ជប៉ុន៕