អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បាននិយាយនៅថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) នេះថា សហភាពអឺរ៉ុប (EU) កំពុងវាយតម្លៃឡើងវិញថា តើត្រូវធ្វើកិច្ចប្រជុំកំពូលជាមួយចក្រភពអង់គ្លេសតាមការគ្រោងទុកនៅថ្ងៃទី២២ ខែកក្កដា ដែរ ឬយ៉ាងណា បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keith Starmer បានប្រកាសថា លោកនឹងលាលែងពីតំណែង។
អ្នកនាំពាក្យបានបញ្ជាក់ថា៖ «ទំនាក់ទំនងរបស់យើងជាមួយចក្រភពអង់គ្លេស គឺ និងនឹងនៅតែរឹងមាំដដែល»។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា «ចំពោះចម្ងល់ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-ចក្រភពអង់គ្លេស ដោយសារមានការប្រកាសលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី Starmer យើងកំពុងវាយតម្លៃឡើងវិញជាមួយ (ក្រុមប្រឹក្សាអឺរ៉ុប) លោកប្រធាន Antonio Costa និងចក្រភពអង់គ្លេស អំពីឱកាសនៃការណ៍ដែលកិច្ចប្រជុំកំពូលនៅតែប្រព្រឹត្តទៅបាន ដូចដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុន»។
នៅមុននេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសរសើរលោក Starmer។ លោកស្រីបានលើកឡើងនៅក្នុងការបង្ហោះមួយលើបណ្ដាញសង្គម X ថា៖ «វាអាចចំណាយពេលច្រើនឆ្នាំ ដើម្បីឲ្យមេដឹកនាំជាច្រើនក្លាយជារដ្ឋបុរស តែអ្នក (លោក Starmer) ធ្វើបានក្នុងរយៈពេលត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ។ សន្តិសុខអឺរ៉ុប និងអ៊ុយក្រែនកាន់តែរឹងមាំដោយសារតែអ្នក»៕