ក្រុមអាជ្ញាធរនិយាយថា នៅព្រឹកថ្ងៃចន្ទនេះ ទីក្រុងមូស្គូ បានបាញ់ទម្លាក់យានដ្រូនរាប់សិបគ្រឿង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ុយក្រែនលើរៀងចក្រចម្រាញ់ប្រេងរបស់ពួកគេ ខណៈការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្ស ៦នាក់នៅអ៊ុយក្រែន រួមទាំងក្មេងប្រុសម្នាក់ និងឪពុករបស់រូបគេផងដែរ ។
អភិបាលក្រុងមូស្គូលោក Sergei Sobyanin និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា យានដ្រូន ៨០គ្រឿងដែលបានហោះឆ្ពោះមកកាន់ទីក្រុងរបស់លោក ត្រូវបានបាញ់ទម្លាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។
លោកថា សេវាកម្មសង្រ្គោះបន្ទាន់ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ជាទីដែលយានដ្រូនត្រូវបានបាញ់ទម្លាក់ ប៉ុន្តែលោកពុំបានផ្តល់ព័ត៌មានបន្ថែមទៀតនោះទេ ។
ក្រុមឃ្លាំមើលអាកាសចរណ៍ និយាយដាច់ដោយឡែកថា អាកាសយានដ្ឋាន Sheremetyevo, Domodedovo និងអាកាសយានដ្ឋាន Vnukovo ក៏ដូចជាអាកាសយានដ្ឋាន Zhukovskiy ស្ថិតនៅជិតទីក្រុងមូស្គូ បានផ្អាកការហោះហើរបណ្តោះអាសន្ន ។
ដោយឡែក យោធាអ៊ុយក្រែននិយាយថា ពួគគេបានវាយប្រហារមជ្ឈមណ្ឌលទំនាក់ទំនងផ្កាយរណប Dubna ស្ថិតនៅតំបន់ក្បែរនោះ ។
ការវាយប្រហារចុងក្រោយនេះដែរ បានកើតឡើង បន្ទាប់ពីការវាយប្រហារយានដ្រូនត្រូវចំរោងចក្រចម្រាញ់ប្រេងតែមួយគត់របស់ទីក្រុងមូស្គូ កាលពីសប្តាហ៍មុន ដែលស្ថិតក្នុងចំណោមការវាយប្រហារតាមច្រកអាកាសទ្រង់ទ្រាយធំបំផុតលើទីក្រុងមួយនេះ ចាប់តាំងពីការវាយលុកពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់ផ្តើមកាលពីឆ្នាំ ២០២២ ៕