កាលពីខែមុន លោក Ali Rizkallah គឺជាមេបញ្ជានៅក្នុងកងកម្លាំងគាំទ្ររហ័ស(RSF) ត្រូវបានស្វាគមន៍មកកាន់រដ្ឋធានី Khartoumរបស់ស៊ូដង់ ហើយត្រូវបានគេផ្តល់ឯកសណ្ឋាន និងផ្តល់តំណែងនៅក្នុងកងកម្លាំងប្រដាប់អាវុធដែលគាត់បានចំណាយពេលប្រយុទ្ធអស់រយៈពេលប្រហែល ៣ឆ្នាំ ។
រដ្ឋាភិបាលក្រោមចំណុះកងទ័ព បានកោតសរសើរការរត់ចោលជួររបស់លោក ដែលនាំឲ្យមានការកែសម្រួលសម្ព័ន្ធភាពរបស់ស៊ូដង់ និងជំរុញសមត្ថភាពយោធា នៅក្នុងជម្លោះមួយស្ថិតក្នុងចំណោមជម្លោះស្លាប់មនុស្សច្រើនបំផុតនារយៈពេល ១សតវត្សរ៍កន្លងមកនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋស៊ូដង់មួយចំនួន មានការខឹងសម្បារយ៉ាងខ្លាំង ពេលមើលឃើញលោក Rizkallah និងអតីតឥស្សជនផ្សេងទៀតរបស់កងកម្លាំង RSF ដើរហើរដោយសេរី និងធ្វើសន្និសីទសារព័ត៌មាន ដោយពួកគេមានការព្រួយបារម្ភថា ក្រុមរត់ចោលជួរទាំងនេះ នឹងគេចវេះយុត្តិធម៌ចំពោះបទឧក្រិដ្ឋដែលត្រូវបានប្រព្រឹត្តក្រោមការបញ្ជារបស់ពួកគេ ។
អ្នកស្រី Halima Ismail គឺជាស្រ្តីម្នាក់រស់នៅតំបន់ភាគខាងលិច Darfur និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទាហាន RSF ទាំងនេះ បើទោះបីជាពួកគេស្វែងរកការលើកលែងពីព្រះជាម្ចាស់យ៉ាងណាក្តី អ្នកស្រីមិនអាចលើកលែងទោសឲ្យពួកគេបាននោះទេ ដោយសារតែអ្វីដែលគាត់បានមើលឃើញផ្ទាល់នឹងភ្នែក ។
អ្នកស្រីរៀបរាប់ថា កងកម្លាំងរបស់លោក Rizkallah បានបាញ់រះទៅលើអាកាស អំឡុងការវាយប្រហារភូមិមួយជាទីដែលគាត់ជ្រកកោន កាលពីឆ្នាំ ២០២៤ ។
សង្រ្គាមស៊ូដង់ ត្រូវបានគេជឿថា សម្លាប់មនុស្សរាប់ម៉ឺននាក់ មនុស្សរាប់លាននាក់ផ្សេងទៀតជម្លៀសខ្លួន ហើយនិងបង្កការរីករាលដាលគ្រោះទុរ្ភិក្ស និងជំងឺ ចាប់តាំងពីកងកម្លាំង RSF និងកងទ័ព ចាប់ផ្តើមប្រយុទ្ធគ្នា កាលពីខែមេសា ឆ្នាំ ២០២៣ ៕