រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) នេះ បានជួបជាមួយលេខារងនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ លោក Ghadir Nezami នៅក្រៅកិច្ចប្រជុំប្លុក BRICS នៅទីក្រុងញូវដេលីរបស់ឥណ្ឌា ក្រោយមានកិច្ចពិភាក្សារបស់ទីក្រុងតេអេរ៉ង់ជាមួយសហរដ្ឋអាមេរិក នៅប្រទេសស្វីស។
យោងតាមសេចក្តីថ្លែងការណ៍ពីស្ថានទូតអ៊ីរ៉ង់ ប្រចាំនៅប្រទេសឥណ្ឌា ភាគីទាំង២ បានពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់ កិច្ចសហប្រតិបត្តិការទ្វេភាគី និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។ ហើយបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសចិន បានឲ្យដឹងថា លោក Wang បានលើកឡើងថា ចំណុចទាំង ១៤ នៃកិច្ចព្រមព្រៀងនេះ បង្ហាញពី «ស្មារតីនៃសមភាព ប្រកាន់ខ្ជាប់នូវគោលបំណងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងស្របតាមបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ»។
តាមរយៈសេចក្ដីថ្លែងការណ៍នោះ លោក Wang បានសង្កត់ធ្ងន់ថា ការថែរក្សា និងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) នឹងជួយពង្រឹងបទឈប់បាញ់ «ដែលទទួលបានដោយលំបាក» បើកឱកាសថ្មី សម្រាប់ទំនាក់ទំនងអ៊ីរ៉ង់-សហរដ្ឋអាមេរិក និងរួមចំណែកដល់ការស្តារសន្តិភាព នៅតំបន់មជ្ឈិមបូព៌ា។
លោកបានបន្ថែមថា «ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អ៊ីរ៉ង់ ប្រទេសចិនតែងតែរក្សាជំហរដ៏យុត្តិធម៌ និងគោលបំណង គាំទ្រកិច្ចប្រឹងប្រែងទាំងអស់ដែលនាំទៅរកសន្តិភាព គាំទ្រអ៊ីរ៉ង់ការពារអធិបតេយ្យភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូរជាតិរបស់ខ្លួន» ព្រមទាំងបានបង្ហាញការគាំទ្រ ចំពោះកិច្ចប្រឹងប្រែងរបស់ទីក្រុងតេអេរ៉ង់ក្នុងការកែលម្អទំនាក់ទំនងជាមួយបណ្តាប្រទេសឈូងសមុទ្រ និងរដ្ឋ ក្នុងតំបន់ដទៃទៀត។
ចំណែកលោក Nezami បានសម្តែងការកោតសរសើរ ចំពោះការគាំទ្រផ្នែកនយោបាយរបស់ចិន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ រវាងទីក្រុងតេអេរ៉ង់ និងប៉េកាំង ក៏ដូចជាការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងដែលអាចកើតមានណាមួយ។ នេះបើយោងតាមការឲ្យដឹងបន្ថែមពីស្ថានទូតអ៊ីរ៉ង់៕