
មនុស្ស ៣នាក់ បានស្លាប់នៅក្នុងប្រទេសបារាំង ដោយសារបញ្ហាសុខភាពបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង ហើយសាលារៀនបារាំងជិត ២.៧០០កន្លែង គ្រោងនឹងបិទទ្វារ ឬកែប្រែកាលវិភាគ ពេលដែលក្រុមអាជ្ញាធរនៅទូទាំងអឺរ៉ុប បានចេញការព្រមានរលកកម្តៅសម្រាប់ថ្ងៃចន្ទនេះ ។
សីតុណ្ហភាពក្នុងទីក្រុង Bordeaux ស្ថិតនៅតំបន់ភាគនិរតីបារាំង ត្រូវបានគេព្យាករថា នឹងកើនឡើងដល់ជាង ៤២អង្សាសេ សម្រាប់ថ្ងៃចន្ទនេះ ហើយទីភ្នាក់ងារអាកាសធាតុ Meteo France និយាយថា តំបន់រដ្ឋបាល ៤៩កន្លែង នឹងស្ថិតក្រោមការព្រមានពីរលកកម្តៅកម្រិតពណ៌ក្រហម ។
រដ្ឋមន្រ្តីសុខាភិបាលបារាំងលោក Stephanie Rist និយាយប្រាប់ទូរទស្សន៍ TF1ថា ពួកយើងនឹងជួបអាកាសធាតុក្តៅខ្លាំងរាល់ថ្ងៃ ។ ពួកយើងពុំដឹងថាតើសីតុណ្ហភាពពេលណានឹងធ្លាក់ចុះវិញនោះទេ ។
លោក Sophie Brocas គឺជាមន្រ្តីរដ្ឋាភិបាលក្នុងស្រុកមួយរូប និយាយប្រាប់ទូរទស្សន៍បារាំងថា មនុស្សចាស់ ៣នាក់ ដែលមានអាយុចន្លោះ ៨០ឆ្នាំ និង ៩៥ឆ្នាំ បានស្លាប់ កាលពីចុងសប្តាហ៍កន្លងទៅនៅតំបន់ Bordeaux ដោយសារបញ្ហាសុខភាពបណ្តាលមកពីរលកកម្តៅបច្ចុប្បន្ននៅបារាំង ។
នៅក្នុងប្រទេសអេស្ប៉ាញវិញ ទីភ្នាក់ងារអាកាសធាតុរដ្ឋ Aemet បានចេញការព្រមានកម្រិតពណ៌ក្រហមសម្រាប់ស្រុក Basque ស្ថិតនៅតំបន់ភាគខាងជើងប្រទេសថា នឹងមានសីតុណ្ហភាព ៤០អង្សាសេ ដែលជាសីតុណ្ហភាពកើនឡើងទ្វេដងនៃសីតុណ្ហភាពមធ្យមប្រវត្តិសាស្រ្តសម្រាប់ថ្ងៃទី ២២ ខែមិថុនា ៕