លោក ឃួន ឡាបូរ៉ាវី គ្រូបង្វឹក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានដាក់គោលដៅ និងរំពឹងកូនក្រុមអាចលេងដល់ថ្ងៃចុងក្រោយ ក្នុងពានរង្វាន់បាល់ទាត់នារីអាស៊ីអាគ្នេយ៍ ASEAN Women’s Cup 2026 ដែលម៉ាឡេស៊ី នឹងធ្វើម្ចាស់ផ្ទះ នាខែកក្កដាខាងមុខ។
ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានបញ្ចប់ការចាប់ឆ្នោតបែងចែកពូលប្រកួតពានរង្វាន់ ASEAN Women’s Cup 2026 នៅដើមសប្ដាហ៍នេះ ដោយក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី និងទីម័រខាងកើត ខណៈពូលA មានក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី សិង្ហបុរី និងឡាវ។
ជាមួយលទ្ធផលចាប់ឆ្នោតនេះ លោក ឃួន ឡាបូរ៉ាវី រំពឹងថា ក្រុមបាល់ទាត់នារីកម្ពុជា នឹងអាចឆ្លងផុតវគ្គចែកពូល ដោយផ្អែកលើបទពិសោធន៍ធ្លាប់ជួបឥណ្ឌូនេស៊ីជាច្រើនលើកកន្លងមក ពិសេសជំនួបមិត្តភាពអន្ដរជាតិ កាលពីថ្មីៗ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា គ្រាដែលឥណ្ឌូនេស៊ី ក៏បាននាំចូលកីឡាការិនីចូលសញ្ជាតិថ្មីៗមួយចំនួន ។ រីឯទីម័រខាងកើត ទោះលោកខកខានឃើញពួកគេលេងប្រមាណ ១ឆ្នាំ តែលោកក៏រំពឹងទីម័រខាងកើត មានអ្វីប្រែប្រួលខ្លាំងទេ។
ដោយសារការជឿជាក់លើកូនក្រុម បន្ទាប់ពីការប្រមូលផ្ដុំប្រកួតមិត្តភាពអន្ដរជាតិថ្មីៗកន្លងមក ក្រុមជម្រើសជាតិនារីកម្ពុជា ធ្វើបានល្អ ទាំងឆន្ទៈ ស្មារតី និងបច្ចេកទេស គឺអាចប្រកួតប្រជែងបាន។ ការណ៍នេះ លោកបានដាក់គោលដៅក្នុងការប្រកួតពានរង្វាន់ ASEAN Women’s Cup 2026 ឆ្នាំនេះ នឹងដឹកនាំក្រុមជម្រើសជាតិនារីកម្ពុជា ព្យាយាមលេងឲ្យបានយ៉ាងហោចដល់ថ្ងៃចុងក្រោយ។
សូមរំឮកថា កាលពីឆ្នាំ២០២៤ ក្រុមជម្រើសជាតិនារីកម្ពុជា ធ្លាប់បានចូលរួមព្រឹត្តិការណ៍នេះម្ដងមកហើយ ដោយទទួលបានជើងឯករង បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ៣-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ជាមួយការប្រកួតនេះដែរ សម្រាប់ក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ នឹងទទួលបានកៅអីចូលរួមការប្រកួតជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍ ASEAN Women’s Championship ជាមួយបេក្ខភាព ៥ក្រុមទៀតកំពុងឈរចាំ៕ អត្ថបទ លី ឈុនឡា







