កំពង់ស្ពឺ៖ នៅឆ្នាំ២០២២នេះ ស្ករត្នោតកំពង់ស្ពឹ មានតម្លៃល្អប្រសើរគឺប្រមាណ ៧ ០០០រៀល កើនឡើង ធៀបនឹងតម្លៃ ឆ្នាំកន្លងទៅ ដោយសារសក្តានុពល ក៏ដូចជាមានតម្រូវការខ្ពស់លើការនាំចេញទៅទីផ្សារក្រៅស្រុក។
លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺ ក្នុងបទសម្ភាសន៍ផ្ទាល់ ជាមួយនឹងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅថ្ងៃទី២៧ មេសា ឆ្នាំ២០២២ មានប្រសាសន៍ថា ស្ករត្នោតកំពង់ស្ពឺ ដែលជាទំនិញសម្គាល់ម៉ាកភូមិសាស្រ្ត (GI) ទទួលបានការបញ្ជាទិញច្រើនពីទីផ្សារអន្តរជាតិ ជាពិសេសខាងប៉ែកអឺរ៉ុប។
លោកបានបន្តថា តម្លៃស្ករត្នោតឆ្នាំនេះ មានតម្លៃល្អប្រសើរ ប៉ុន្តែបញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់ច្រើន បានរាំងស្ទះដល់ការប្រមូលផល។
លោក សំ សារឿន បានអះអាងថា មកដល់ពេលនេះ ទីផ្សារសម្រាប់ស្ករត្នោតកំពង់ស្ពឺ គឺធំទូលាយទៅលើការនាំចេញទៅបណ្តាប្រទេសប្រមាណ ១៥ទៅ២០ប្រទេស ហើយប្រទេសដែលមានតម្រូវការច្រើនជាងគេគឺបារាំង បន្ទាប់អាម៉េរិក និងជប៉ុនជាដើម។
លោកប្រធានសមាគមរូបនេះ បានឲ្យដឹងថា បន្ទាប់ពីស្ករត្នោតកំពង់ស្ពឺ ទទួលបានការចុះបញ្ជីនៅសភាពអឺរ៉ុប ថៃ និងវៀតណាមកន្លងមក ទីផ្សារស្ករត្នោតកំពង់ស្ពឺ មានការកើនឡើងលើការនាំចេញ។ ក្នុងឆ្នាំ២០២១កន្លងទៅ ស្ករត្នោតប្រមាណ ២០០តោន ត្រូវបានផ្គត់ផ្គង់ក្នុងទីផ្សារស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។
លោក បញ្ជាក់ថា អ្នកទិញទាំងអស់ ទាំងនៅក្នុងស្រុក និងក្រៅស្រុកជ្រាបថា មុននឹងទិញស្ករត្នោត សូមឲ្យពិនិត្យ និងទទួលស្គាល់ថា ស្ករនេះ ពិតជាស្ករត្នោតកំពង់ស្ពឺ គឺមានស្លាកសញ្ញា និងបាកូតបញ្ជាក់យ៉ាងត្រឹមត្រូវពីសមាគម៕អត្ថបទ៖ឈិត បូរ៉ាវី