បច្ចុប្បន្ន អ៊ីរ៉ង់កំពុងកំណត់ច្រកសមុទ្រ Hormuz ថាជាបញ្ហាទ្វេភាគីរវាងខ្លួន និងប្រទេសអូម៉ង់ ហើយត្រូវបានគេមើលឃើញថា ភាគីទាំងពីរបានជួបពិភាក្សាទ្វេភាគីលើបញ្ហាផ្លូវទឹកនេះក្នុងរយៈពេលពីរបីសប្តាហ៍មកហើយ។

ចំណុចសំខាន់នេះ កើតចេញពីប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf និងរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Albusaidi ដែលបានជួបគ្នានៅទីក្រុង Muscat កាលពីពេលថ្មីៗ។

លោក Albusaidi បានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាលើបញ្ហាសំខាន់នេះ និងបាននិយាយថា «ការពិភាក្សាប្រកបដោយការស្ថាបនា ត្រូវបានធ្វើឡើងលើអនុស្សរណៈនៃការយោគយល់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជាពិសេស កថាខណ្ឌច្រកសមុទ្រ Hormuz »។ លោកនិយាយថា «យើងបានបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ និងការឆ្លងកាត់ច្រកសមុទ្រដោយមិនបង់ប្រាក់»។
ដំបូងឡើយគេដឹងថា ភាគីអ៊ីរ៉ង់ មានបំណងឲ្យបង់ថ្លៃសម្រាប់សន្តិសុខនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្ររបស់ខ្លួន និងបាននិយាយយ៉ាងច្បាស់ថា ស្ថានភាពនៅច្រកសមុទ្រ Hormuz នឹងមិនត្រឡប់ទៅនឹងអ្វីដូចកាលពីពេលមុនសង្គ្រាមឡើយ។ ប៉ុន្តែសម្រាប់ពេលនេះ អ៊ីរ៉ង់ និងអូម៉ង់ និយាយថា ច្រកសមុទ្រ Hormuz នឹងបើកទូលាយដោយមិនបង់ប្រាក់ឡើយ។