ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើង KRT បានរាយការណ៍នៅថ្ងៃអង្គារ ទី២៣ ខែមិថុនានេះ ថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការអនុវត្តជំហររបស់ប្រទេសជារដ្ឋនុយក្លេអ៊ែរ គឺជាមធ្យោបាយតែមួយគត់ដើម្បីទប់ទល់ទៅនឹងស្ថានភាពសន្តិសុខសកលដែលមិនអាចស្មានទុកជាមុនបាន និងមានភាពស្មុគស្មាញ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិយាយថា លោក គីម បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកំពុងកាន់អំណាច ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា និងបានបិទនៅថ្ងៃចន្ទ ទី២២ ខែមិថុនា ។
លោក គីម បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ថា ធ្វើឱ្យស្ថានភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េកាន់តែមានគ្រោះថ្នាក់ ដោយការធ្វើឱ្យប្រសើរឡើងជាលំដាប់នូវជំហរនុយក្លេអ៊ែររួមបញ្ចូលគ្នារបស់ពួកគេក្នុងគោលបំណងតែមួយគត់ គឺវាយប្រហារប្រទេសកូរ៉េខាងជើង។

ទីភ្នាក់ងារផ្លូវការរបស់កូរ៉េខាងជើង KCNA បាននិយាយថា «ការពង្រីក និងពង្រឹងកងកម្លាំងនុយក្លេអ៊ែរជាលំដាប់ និងការអនុវត្តជំហររបស់រដ្ឋមានអាវុធនុយក្លេអ៊ែរយ៉ាងហ្មត់ចត់ គឺជាមធ្យោបាយត្រឹមត្រូវ ដើម្បីទប់ទល់នឹងស្ថានភាពយោធា និងនយោបាយអន្តរជាតិ ដែលមិនអាចស្មានទុកជាមុនបានខណៈកំពុងមានភាពស្មុគស្មាញ»។