ភ្នំពេញ៖ ដើម្បីធានានិរន្តរភាពការរស់នៅធម្មតាជាមួយជំងឺកូវីដ-១៩ ខណៈរាជរដ្ឋាភិបាលលើកលែងកាត្វកិច្ច ពាក់ម៉ាស់នៅទីសាធារណៈ ការបើកសេដ្ឋកិច្ចធម្មតា ក្នុងពេលមានវត្តមានជំងឺកូវីដ-១៩ មន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ចំនួន៣ចំណុច។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីម្សិលមិញ បានប្រាប់BTVឱ្យដឹងថា បច្ចុប្បន្ន ការធ្វើតេស្តតាមម៉ាស៊ីនPCR រកមេរោគកូវីដ-១៩ មានការថយចុះគួរសម្គាល់ បន្ទាប់ពីអត្រាចាក់ វ៉ាក់សាំងកូវីដជូនពលរដ្ឋមានចំនួនខ្ពស់។
លើសពីនេះ លោកជំទាវវេជ្ជបណ្ឌិត បានអំពាវនាវ៣ចំណុចដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ ដើម្បីធានានិរន្តរ៍ភាព ការរស់នៅធម្មតាជាមួយជំងឺកូវីដ-១៩ ខណៈរាជរដ្ឋាភិបាលលើកលែងកាត្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស និងការបើកសេដ្ឋកិច្ចធម្មតាជាមួយវត្តមានជំងឺកូវីដ។ ៣ចំណុច ដែលលោកជំទាវ បានអំពាវនាវនោះ រួមមាន៖ ទី១. ការចាក់វ៉ាក់សាំងឱ្យគ្រប់ចំនួនដូសទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល ទី២. ត្រូវចេះវាយតម្លៃដោយខ្លួនឯង កន្លែងណាត្រូវពាក់ម៉ាស់ ឬមិនត្រូវពាក់ម៉ាស់ និង ទី៣. ការចេះភ្ញាក់រលឹកដោយខ្លួនឯង ពេលសង្ស័យមានជំងឺកូវីដ ត្រូវធ្វើតេស្តរហ័ស ឬមានតម្រូវការចាំបាច់ ត្រូវធ្វើតេស្តតាមម៉ាស៊ីនPCR។
ការចាក់វ៉ាក់សាំងកូវីដ-១៩ ស្រោចលើប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាយុទ្ធសាស្រ្តចម្បងមួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នប្រទេសកម្ពុជាបើកដំណើរសេដ្ឋកិច្ចធម្មតា ក្នុងពេលមានវត្តមានជំងឺកូវីដ។
គិតត្រឹមថ្ងៃនេះ ប្រទេសកម្ពុជារកវ៉ាក់សាំងកូវីដបានជាង៥០លានដូស ទាំងការបញ្ជាទិញ ជំនួយ តាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ចាប់ពីដូសទី១ ដល់ទី៤៕ អត្ថបទ៖ ទូច សោភ័ណ