ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើឯកអគ្គរដ្ឋទូតម៉ាល់ឌីវ ជំរុញការតភ្ជាប់ជើងហោះហើរដឹកជញ្ជូនភ្ញៀវទេសចរទស្សនាបណ្តាកោះឆ្នេរសមុទ្រកម្ពុជា ជាមួយកោះឆ្នេរសមុទ្រ នៃប្រទេសម៉ាល់ឌីវ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តម Mohamed Jinah ឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ាល់ឌីវ នៅល្ងាចថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា ប្រទេសម៉ាល់ឌីវ គឺជាប្រទេសមួយដែលសំបូរទៅដោយប្រជុំកោះ ឆ្នេរជាច្រើន ហើយមានភ្ញៀវទេសចរជាច្រើនអញ្ជើញជាទៅទស្សនា ហើយឯកឧត្តម ក៏បានស្នើអោយមានផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារអភិវឌ្ឍន៍កោះ ដើម្បីជម្រុញកំណើនភ្ញៀវទេសចរទស្សនាកោះពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះដែរ ឯកឧត្តម ថោង ខុន ក៏បានជម្រុញអោយភាគីប្រទេសទាំងពីរកម្ពុជា ម៉ាល់ឌីវ រៀបចំសេចក្តីព្រាងអនុសារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរ ហើយឈានចូលទៅរកការចុះហត្ថលេខាព្រមព្រៀងគ្នា ដើម្បីបើកផ្លូវទេសចរណ៍អោយកាន់តែទូលំទូលាយថែមទៀត ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្ពុជាបានបើកប្រទេស និងបើកការទទួលយកភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំង ដោយតម្រូវឱ្យបង្ហាញតែកាតចាក់វ៉ាក់សាំង និងសុំទិដ្ឋាការ ពេលមកដល់កម្ពុជា ហើយការបើកទទួលភ្ញៀវទេសចរអន្តរជាតិនេះដែរ កម្ពុជាក៏មានការដកចេញការរឹតបន្តឹងផ្នែកសុខាភិបាល ព្រមទាំងវិធានការមួយចំនួនទៀត។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាល់ឌីវ Mohamed Jinah បានថ្លែងការគាំទ្រប្រសាសន៍ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន លើការរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ និងតភ្ជាប់ជើងហោះរវាងប្រទេសពីរ។
ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់កូវីដ១៩ទទួលបានជោគជ័យ។
ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតម៉ាល់ឌីវ បានគាំទ្រឱ្យកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការអង្គការទសចរណ៍ពិភពលោក សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក និងគណៈកម្មការទេសចរណ៍ពិភពលោក សម្រាប់អាស៊ីបូព៌ា៕ អត្ថបទ ស៊ុម សុខជា