ប្រទេសបែលហ្ស៊ិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានចេញទិដ្ឋាការចំនួន ៥ ដល់គណៈប្រតិភូតាលីបង់ ដើម្បីចូលរួមកិច្ចប្រជុំសហភាពអឺរ៉ុប ( EU) ស្តីពីអន្តោប្រវេសន៍នៅទីក្រុងប្រ៊ុចសែល ហើយនេះគឺជាលើកដំបូងដែលសហភាពអឺរ៉ុប បានរៀបចំទទួលក្រុមនេះ ចាប់តាំងពីក្រុមឥស្លាមបានវិលត្រឡប់មកកាន់អំណាច នៅអាហ្វហ្គានីស្ថានកាលពី ៥ឆ្នាំ មុន។

អ្នកនាំពាក្យក្រសួងការបរទេសបែលហ្ស៊ិកម្នាក់បាននិយាយថា ទិដ្ឋាការទាំងនេះមានកម្រិតទាំងវិសាលភាពភូមិសាស្ត្រ និងរយៈពេល ដោយអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់ប្រទេសបែលហ្ស៊ិក និងសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ ដោយបន្ថែមថា កាលបរិច្ឆេទនៃដំណើរទស្សនកិច្ច នឹងមិនត្រូវបានបង្ហាញសម្រាប់ហេតុផលសន្តិសុខនោះទេ។
មន្ត្រីអឺរ៉ុបពីររូបបាននិយាយថា គណៈប្រតិភូនេះ ត្រូវបានផ្តល់ទិដ្ឋាការរយៈពេលមួយថ្ងៃ ដែលមានសុពលភាពតែនៅថ្ងៃអង្គារ ទី២៣ ខែមិថុនាប៉ុណ្ណោះ។

គណៈកម្មការនេះកាលពីខែមុន បានអញ្ជើញមន្ត្រីតាលីបង់ទៅកាន់ទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាអំពីការនិរទេសជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន ទោះបីជាមានការព្រមានពីក្រុមសិទ្ធិមនុស្សថា ការនិរទេសបែបនេះ អាចធ្វើឲ្យជនជាតិអាហ្វហ្គានីស្ថានប្រឈមនឹងគ្រោះថ្នាក់ និងធ្វើឲ្យប៉ះពាល់ដល់តម្លៃស្នូលរបស់ សហភាពអឺរ៉ុបក៏ដោយ។
គណៈកម្មការនបាននិយាយថា តាមលក្ខណៈបច្ចេកទេស កិច្ចប្រជុំនេះ គឺដើម្បីដោះស្រាយបញ្ហាជាក់ ស្តែងដូចជាការនិរទេសជនអន្តោប្រវេសន៍ជាដើម ហើយមិនមែនជាការទទួលស្គាល់ការគ្រប់គ្រងរបស់តាលីបង់នោះទេ៕