ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រធានអ្នកចរចាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បាននិយាយថា ច្រកសមុទ្រហ័រមូស នឹងត្រូវបានគ្រប់គ្រងដោយទីក្រុងតេអេរ៉ង់ បន្ទាប់ពីការចរចាជំរុញឲ្យបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើសាធារណរដ្ឋឥស្លាមនេះ។

ក្រុមអ្នកសម្របសម្រួលបាននិយាយថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានព្រមព្រៀងគ្នា ដើម្បីបង្កើតខ្សែទំនាក់ទំនង ដើម្បីរក្សាផ្លូវដឹកជញ្ជូនដ៏សំខាន់ឲ្យបើកចំហ និងបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ បន្ទាប់ពីការចរចាជុំទី១ របស់ពួកគេនៅប្រទេសស្វ៊ីសឆ្ពោះទៅរកការបញ្ចប់ជម្លោះ ដែលបានគ្របដណ្តប់មជ្ឈិមបូព៌ា។

យោងតាម IRNA លោក Ghalibaf បាននិយាយនៅពេលត្រឡប់មកពីកិច្ចចរចាវិញថា៖«ច្រកសមុទ្រ ហ័រមូស នឹងមិនដែលវិលត្រឡប់ទៅរកស្ថានភាពមុនសង្គ្រាមវិញទេ ហើយនឹងត្រូវបានគ្រប់គ្រងដោយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ស្របតាមច្បាប់អន្តរជាតិ»។

នៅក្នុងវីដេអូមួយដែលបានបង្ហោះលើគណនី Telegram របស់ខ្លួន លោក Ghalibaf លោកបាននិយាយថា កិច្ចចរចានៅរមណីយដ្ឋាន Burgenstock ដ៏ប្រណីតរបស់ប្រទេសស្វ៊ីសបានបង្កើត«សមិទ្ធផលល្អជាច្រើន»។
លោកបាននិយាយថា៖«តាមទស្សនៈរបស់ខ្ញុំ ដំណើរទស្សនកិច្ចនេះ មានសមិទ្ធផលល្អ ជាពិសេសទាក់ទងនឹងការពិភាក្សាអំពីច្រកសមុទ្រ ការពិភាក្សាអំពីប្រទេសលីបង់ បញ្ហានៃការលើកលែងពន្ធលើប្រេង និងបញ្ហានៃការដោះលែងមូលនិធិដែលត្រូវបានបង្កក»៕