មន្ត្រីអង្គការសហប្រជាជាតិម្នាក់ បានព្រមានកាលពីថ្ងៃចន្ទថា កិច្ចខិតខំប្រឹងប្រែងដើម្បីជួសជុលការបែកបាក់ និងធ្វើឲ្យភាគខាងត្បូងប្រទេសស៊ីរីមានស្ថិរភាពបានជាប់គាំងជិតមួយឆ្នាំ បន្ទាប់ពីអំពើហិង្សាបង្កឡើងដោយក្រុមប្រកាន់និកាយដ៏សាហាវ នៅក្នុងខេត្តដែលមានជនជាតិភាគតិចឌ្រូស ( Druze) ភាគច្រើនរស់នៅ បានធ្វើឲ្យប្រទេសនេះរង្គោះរង្គើ។

ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិកាលពីខែមីនា បានរកឃើញថា មនុស្សជាង ១,៧០០នាក់ ដែលភាគច្រើនជាសមាជិកស៊ីវិលកាន់និកាយសាសនាឌ្រូស និងសមាជិកមួយចំនួននៃសហគមន៍កុលសម្ព័ន្ធ Bedouin ត្រូវបានសម្លាប់ នៅភាគខាងត្បូងខេត្ត Sweida ក្នុងខែកក្កដា ឆ្នាំ ២០២៥។ ការស៊ើបអង្កេតនោះ បានបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាលស៊ីរី យុទ្ធជនកុលសម្ព័ន្ធ និងក្រុមប្រដាប់អាវុធឌ្រូស អាចបានប្រព្រឹត្តបទឧក្រិដ្ឋសង្គ្រាម។
ផែនទីបង្ហាញផ្លូវដែលដឹកនាំដោយរដ្ឋាភិបាល និងគាំទ្រដោយអន្តរជាតិ ដែលបានដាក់ឲ្យដំណើរការក្នុងខែកញ្ញា ឆ្នាំ ២០២៥ មានបំណងស្តារសណ្តាប់ធ្នាប់ និងជួសជុលទំនាក់ទំនងរវាងក្រុមជនភាគតិចឌ្រូស ក្រុមកុលសម្ព័ន្ធ Bedouin និងរដ្ឋាភិបាល។

លោក Claudio Cordone តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសស៊ីរី បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទថា៖«ពុំមានវឌ្ឍនភាពលើការអនុវត្តផែនទីបង្ហាញផ្លូវខែកញ្ញា ឆ្នាំ ២០២៥ នៃការកសាងទំនុកចិត្ត និងការធ្វើសមាហរណកម្មនៅខេត្ត Sweidaឡើងវិញទេ»៕