សហរដ្ឋអាមេរិកបានផ្អាកទណ្ឌកម្មលើអ៊ីរ៉ង់រយៈពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃចន្ទតទៅ បន្ទាប់ពីបញ្ចប់ការចរចាលើកដំបូងក្រោមកិច្ចព្រមព្រៀងសន្តិភាពដែលទើបកើតឡើង តែប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកនឹងធ្វើអ្វីដែលត្រូវធ្វើ ប្រសិនបើអ៊ីរ៉ង់មិនប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងរបស់ខ្លួនទេនោះ។
អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ការចរចាជាមួយមន្ត្រីអ៊ីរ៉ង់ នៅប្រទេសស្វីស បានបង្កើតនូវគ្រឹះដ៏ល្អប្រសើរ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ ទោះបីជាអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនបានចាប់ផ្តើមការពិភាក្សា ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ។
អន្តរការី គឺប៉ាគីស្ថាន និងកាតា បានឲ្យដឹងថា ភាគីទាំង២ ដោយព្យាយាមអភិវឌ្ឍកិច្ចព្រមព្រៀងបណ្តោះអាសន្នដែលពួកគេបានចុះហត្ថលេខាកាលពីសប្តាហ៍មុន បានព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ក្នុងរយៈពេល ៦០ថ្ងៃ អំឡុងការចរចា នៅឯរមណីយដ្ឋានជួរភ្នំ ក្នុងទីក្រុង Buergenstock របស់ប្រទេសស្វីស។
ក្នុងវិធានការដំបូង ក្នុងចំណោមវិធានការជាច្រើនដែលបានគ្រោងទុក ក្រោមកិច្ចព្រមព្រៀងនេះ ដើម្បីផ្តល់ជំនួយសេដ្ឋកិច្ចដល់អ៊ីរ៉ង់ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសពីការលើកលែងទណ្ឌកម្ម រហូតដល់ថ្ងៃទី២១ ខែសីហា ដោយអនុញ្ញាតឲ្យទីក្រុងតេអេរ៉ង់លក់ប្រេង និងផលិតផលពាក់ព័ន្ធ និងទទួលបានការទូទាត់ សម្រាប់ការលក់ដូរទាំងនោះ។
កាលពីថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) លោក Trump បានលើកឡើងតាមរយៈការបង្ហោះលើបណ្ដាញសង្គម Truth Social ថា អ៊ីរ៉ង់នឹងយល់ព្រមឲ្យមានការត្រួតពិនិត្យអាវុធ ដើម្បីធានាបាននូវ «ភាពស្មោះត្រង់ផ្នែកនុយក្លេអ៊ែរ«។ ហើយបន្ទាប់មក លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «ប្រសិនបើអ៊ីរ៉ង់មិនគោរពតាមកិច្ចព្រមព្រៀងរបស់ពួកគេ ឬប្រសិនបើពួកគេមិនមានអាកប្បកិរិយាល្អទេនោះ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំត្រូវធ្វើ»៕

