ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល KAN បានរាយការណ៍កាលពីថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) ថា ប្រទេសអ៊ីស្រាអែលកំពុងគិតគូរពីលទ្ធភាពដែលអាចមានការទាមទារនាពេលអនាគតរបស់សហរដ្ឋអាមេរិក ដើម្បីឲ្យដកកងទ័ពរបស់អ៊ីស្រាអែលបន្តិចម្តងៗចេញពីតំបន់នានា នៅភាគខាងត្បូងនៃប្រទេសលីបង់។
ប្រព័ន្ធផ្សព្វផ្សាយ KAN បានឲ្យដឹងថា កិច្ចចរចាជុំថ្មី រវាងអ៊ីស្រាអែល និងលីបង់ ត្រូវបានកំណត់ចាប់ផ្តើមនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីការរៀបចំដំបូង សម្រាប់ការដកកងទ័ពរបស់អ៊ីស្រាអែលចេញពីភាគខាងត្បូងលីបង់ ដែលជាផ្នែកមួយនៃកម្មវិធីសាកល្បង សម្រាប់កងទ័ពលីបង់។
ប្រព័ន្ធផ្សព្វផ្សាយនេះបានឲ្យដឹងទៀតថា កិច្ចចរចានេះត្រូវបានគេរំពឹងថា នឹងធ្វើឡើងក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអ៊ីស្រាអែល និងលីបង់ រួមជាមួយឧត្តមសេនីយ៍ត្រីអ៊ីស្រាអែល ៣រូប។
ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយនេះក៏បានរាយការណ៍ផងដែរថា កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមចល័តប្តូរទីតាំង និងរៀបចំកងទ័ពឡើងវិញនៅលើដីក្នុងរយៈពេល ២៤ម៉ោងកន្លងមក ខណៈពេលដែលកំពុងរង់ចាំការសម្រេចពីថ្នាក់ដឹកនាំនយោបាយ។
KAN បានដកស្រង់ប្រភពពីអ៊ីស្រាអែលដែលបាននិយាយដោយមិនបញ្ចេញឈ្មោះ ដែលបានបញ្ជាក់ថា អ៊ីស្រាអែលកំពុងគិតគូរពីលទ្ធភាពដែលកងទ័ពអ៊ីស្រាអែលអាចត្រូវបានស្នើដោយការសម្រេចរបស់អាមេរិកឲ្យដកចេញពីតំបន់មួយចំនួន នៅក្នុងតំបន់សន្តិសុខ ដែលអនុញ្ញាតឲ្យកងទ័ពលីបង់ត្រឡប់មកវិញ ជាវិធានការកសាងទំនុកចិត្ត៕



