ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញការប្រើប្រាស់បច្ចេកវិទ្យាពាណិជ្ជកម្ម សម្រាប់គោលបំណងយោធា បានផ្ទុះឡើងជាថ្មី ដោយទីក្រុងប៉េកាំងបានដាក់ចេញនូវការគ្រប់គ្រងការនាំចេញ ចំពោះក្រុមហ៊ុនអាមេរិកចំនួន ១០ ជាអ្វីដែលអ្នកវិភាគមើលឃើញថា ជាការឆ្លើយតបដែលបានក្រិតតាមខ្នាតចំពោះការពង្រីកការចុះឈ្មោះក្នុងបញ្ជីខ្មៅដោយមន្ទីរបញ្ចកោណរបស់ទីក្រុងវ៉ាស៊ីនតោន ដែលផ្តោតលើក្រុមហ៊ុនចិន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេ។
បើទោះបីជាចំណាត់ការនេះត្រូវបានគេមើលឃើញថា ជានិមិត្តរូបភាគដោយភាគច្រើន ក៏អ្នកសង្កេតការណ៍ លើកឡើងថា វាគឺគួរឲ្យកត់សម្គាល់ ព្រោះវាផ្តោតលើក្រុមហ៊ុនដែលជាចំណុចកណ្តាលនៃកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រឯករាជ្យ បន្ថែមពីលើក្រុមហ៊ុននៅក្នុងវិស័យការពារជាតិ និងអាកាសចរណ៍ ដោយបានបញ្ជាក់អំពីថា តើរ៉ែសំខាន់ៗនៅតែជាចំណុចសម្ពាធជាយុទ្ធសាស្ត្រយ៉ាងដូចម្ដេច នៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា និងសន្តិសុខដ៏ទូលំទូលាយ រវាងសហរដ្ឋអាមេរិក និងចិន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) ថា វិធានការទាំងនេះ មានបំណងការពារផលប្រយោជន៍ជាតិ និងឆ្លើយតបដោយផ្ទាល់ចំពោះការបន្ថែមអង្គភាពចិនរាប់សិប រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba និង Baidu ទៅក្នុងបញ្ជីដែលទីក្រុងវ៉ាស៊ីនតោនចចាត់ទុកថា បានគាំទ្រយោធារបស់ប្រទេសចិន។
លោក Chen Bo អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានអាស៊ីបូព៌ានៃសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា ក្រុមហ៊ុនអាមេរិកដែលត្រូវបានដាក់ទណ្ឌកម្ម មានការពឹងផ្អែកមានកម្រិតលើប្រទេសចិន ប៉ុន្តែចំនាត់ការនេះ បង្ហាញថា ទីក្រុងប៉េកាំង ដឹងយ៉ាងច្បាស់ អំពីកន្លែងដែលផ្នែកសំខាន់ៗនៃខ្សែច្រវាក់ផ្គត់ផ្គង់កំពុងលេចឡើងរបស់សហរដ្ឋអាមេរិក ស្ថិតនៅទីណា៕

