យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ បានឲ្យដឹងថា អំឡុងកិច្ចប្រជុំ កាលពីថ្ងៃចន្ទ (ទី២២ ខែមិថុនា ឆ្នាំ២០២៦) មន្ត្រីសន្តិសុខជាន់ខ្ពស់ឥណ្ឌា និងចិន បានកត់សម្គាល់ពី «ការធ្វើឲ្យមានប្រក្រតីភាពបន្តិចម្តងៗ» ក្នុងទំនាក់ទំនងនៃប្រទេសទាំង២។
ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្រៅកិច្ចប្រជុំនៃប្លុក BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី អាហ្វ្រិកខាងត្បូង និងប្រទេសដទៃទៀត ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ នៅទីក្រុងញូវដេលីរបស់ឥណ្ឌា។
លោក Randhir Jaiswal អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានសរសេរនៅលើបណ្ដាញសង្គម X ថា «ភាគីទាំង២ បានពិនិត្យឡើងវិញនូវការវិវឌ្ឍថ្មីៗនៃទំនាក់ទំនងទ្វេភាគី និងបានកត់សម្គាល់ពីវឌ្ឍនភាពឆ្ពោះទៅរកការធ្វើឲ្យមានប្រក្រតីភាពបន្តិចម្តងៗ»។
លោក Jaiswal បានបន្តថា លោក Doval «បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីដែលមានស្ថិរភាព អាចព្យាករណ៍បាន និងប្រកបដោយភាពស្ថាបនា រួមចំណែកដល់ការកសាងទំនុកចិត្ត និងការយោគយល់គ្នាកាន់តែប្រសើរឡើងរវាងភាគីទាំង២»។ លោកបានបន្ថែមថា «ការពិភាក្សា គឺមានលក្ខណៈស្ថាបនា និងសម្លឹងឆ្ពោះទៅមុខ»។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស ក្រៅពីកត់សម្គាល់ពីភាពល្អប្រសើរជាលំដាប់នៃទំនាក់ទំនងរបស់ប្រទេសទាំង២ លោក Wang បានជំរុញឲ្យទីក្រុងញូវដេលី និងទីក្រុងប៉េកាំង មើលឃើញទំនាក់ទំនងរបស់ភាគីទាំង២ ពីទស្សនៈរយៈពេលវែង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពីទស្សនៈសកល៕

