ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារ (ទី២៣ ខែមិថុនា ឆ្នាំ២០២៦) នេះថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្ដេជ្ញាពង្រឹងសមត្ថភាពការពារជាតិរបស់ទីក្រុងព្យុងយ៉ាង ដោយលើកឡើងពីកិច្ចប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលរុញតំបន់នេះ «ឲ្យឈានទៅកៀកនឹងការមានសង្គ្រាមនុយក្លេអ៊ែរ»។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានដកស្រង់សម្តីរបស់លោក ដោយបានបញ្ជាក់ថា «សមមិត្ត គីម ជុងអ៊ុន នៅក្នុងសុន្ទរកថាបញ្ចប់របស់លោក បានបញ្ជាក់ជាថ្មីនូវជំហរគោលនយោបាយដ៏រឹងមាំរបស់បក្ស និងរដ្ឋរបស់យើង ក្នុងការបង្កើនសមត្ថភាពការពារជាតិឲ្យលឿនជាងមុន»។
KCNA បានឲ្យដឹងទៀតថា សុន្ទរកថានេះត្រូវបានថ្លែងឡើង ខណៈពេលដែលលោកបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គរបស់បក្សរយៈពេល ៣ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃទី២២ ខែមិថុនា ក្នុងអំឡុងពេលដែលមន្ត្រីជាន់ខ្ពស់បានពិនិត្យឡើងវិញនូវគំនិតផ្តួចផ្តើមគោលនយោបាយ។
សារព័ត៌មាននេះ បានដកស្រង់សម្តីរបស់លោក គីម ដែលនិយាយទៀតថា «សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងជំរុញទៅមុខដោយការមាននាវាមុជទឹកនុយក្លេអ៊ែរ ខណៈពេលដែលកាន់តែមិនបានលាក់បាំង ក្នុងចំណាត់ការរបស់ពួកគេ ក្នុងការឆ្ពោះទៅរកការពង្រឹង និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ នៅក្នុងតំបន់»។
តាមរយៈសារព័ត៌មាននេះ មេដឹកនាំកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា នៅចំពោះមុខសភាពការណ៍វិវត្តបែបនេះ វាគឺជាការមាន «ជំហរដ៏រឹងមាំ» របស់កូរ៉េខាងជើង ក្នុងការពន្លឿនកិច្ចប្រឹងប្រែង ដើម្បី «ពង្រីក និងពង្រឹងបន្ថែមទៀតនូវប្រព័ន្ធរារាំងដ៏មានឥទ្ធិពល និងអាចទុកចិត្តបានទាំងស្រុង ដើម្បីការពារខ្លួន»៕



