បាល់ទាត់៖ ក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid បានឈានដល់កិច្ចព្រមព្រៀងហើយក្នុងការនាំយកខ្សែការពារតោខៀវ Chelsea, Antonio Rudiger នៅពេលកិច្ចសន្យារបស់គេអស់សុពលភាពនៅដំណាច់រដូវកាលនេះ។ កាលពីថ្ងៃអាទិត្យ អ្នកចាត់ការ Chelsea លោក Thomas Tuchel ក៏បាននិយាយច្បាស់ដែរថា ក្លិបបានបរាជ័យក្នុងការចរចាកិច្ចសន្យាថ្មីជាមួយកីឡាករវ័យ ២៩ឆ្នាំរូបនេះ។
Antonio Rudiger ដែលមានទំនាក់ទំនងជាមួយ Bayern Munich ដែរនោះសុខចិត្តចាកចេញពី Stamford Bridge បើទោះជាកិច្ចសន្យាថ្មីដែលក្លិបផ្តល់ឱ្យនោះមានតម្លៃពលកម្មដល់ទៅ ២០ម៉ឺនផោនក្នុងមួយសប្តាហ៍។ កីឡាករវ័យ ២៩ឆ្នាំអាល្លឺម៉ង់រូបនេះត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាដែលមានរយៈពេល ៤ឆ្នាំជាមួយ Real Madrid បន្ទាប់ពីការពិនិត្យសុខភាពរួចរាល់នៅទីក្រុងឡុងដ៍។
រំលឹកថា Antonio Rudiger បានផ្លាស់មកកាន់ Chelsea កាលពីឆ្នាំ២០១៧ ពីក្លិបអ៊ីតាលី AS Roma ក្នុងតម្លៃ ២៩លានផោនបង្ហាញខ្លួនឱ្យ Chelsea ជិត ២០០ប្រកួត ស៊ុតបញ្ចូលទីបាន ១២គ្រាប់ឈ្នះពាន UEFA Champions League, Europa League, FIFA Club World Cup និង FA Cup។ Chelsea ក៏បរាជ័យដែរក្នុងការចរចាកិច្ចសន្យាថ្មីជាមួយខ្សែការពារកណ្តាលមួយរូបទៀតគឺ Andreas Christensen ដែលព្រមព្រៀងផ្លាស់ទៅកាន់ Barcelona នៅដំណាច់រដូវកាលនេះ៕
អត្ថបទ៖នាង សុភាវុធ