អ៊ីរ៉ង់បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមអ្នកត្រួតពិនិត្យនៃអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ប្រទេសនេះ ដែលត្រូវបានទម្លាក់គ្រាប់បែក ក្នុងអំឡុងសង្គ្រាមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីឆ្នាំមុននោះទេ។
លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា៖«យើងមិនទាន់បានជួបជាមួយអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិទេ ហើយយើងក៏មិនមានផែនការណាមួយសម្រាប់ទីភ្នាក់ងារនេះដើម្បីត្រួតពិនិត្យទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលខូចខាតដោយការឈ្លានពានយោធារបស់សហរដ្ឋអាមេរិក និងក្រុមជ្វីហ្វនិយមដែរ»។

កាលពីថ្ងៃចន្ទ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយថា អ៊ីរ៉ង់នឹងអនុញ្ញាតឲ្យ ក្រុមអ្នកត្រួតពិនិត្យនុយក្លេអ៊ែររបស់UN ត្រឡប់មកវិញ ដោយហៅវាថា ជា «ព្រឹត្តិការណ៍ដ៏សំខាន់មួយ»៕
